ថៃបានរកឃើញករណីកូវីដបំលែងថ្មី អូមីក្រុង BA.2.75.2 ដែលរីករាលដាលលឿនជាងមុនដល់ទៅ ២៤៨% ថែមទាំងអាចគេចពីភាពស៊ាំ
- BY
- autoadmin
- September 15, 2022
ថៃ៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” អូមីក្រុង “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា អូមីក្រុង BA.2.75 បានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus។
ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី បានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ អូមីក្រុង BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរង ដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ត្រូវបានគេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0” ព្រោះវាជាកូនទីពីររបស់ BA.2.75 ដោយកូនទីមួយគឺ BA.2.75.1 ។
តាមរយៈអ្នកជំនាញខាងភាពស៊ាំមកពីសាកលវិទ្យាល័យប៉េកាំងបានកំណត់អត្តសញ្ញាណ អូមីក្រុង BA.2.75.2 ថាជាប្រភេទមេរោគបំលែងដែលអាចគេចពីភាពស៊ាំបានយ៉ាងល្អបំផុតក្នុងពេលបច្ចុប្បន្ន ហើយវាថែមទាំងអាចបណ្តាលឱ្យមានការរីករាលដាលបន្ថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះដែរមជ្ឈមណ្ឌល Genome ក៏បានបញ្ជាក់បន្ថែមទៀតថា អូមីក្រុង BA.2.75 ដែលបានផ្លាស់ប្តូរពី BA.2 ត្រូវបានចាត់ទុកថា ជាជំនាន់ទី២ ដោយបានបំលែងចេញពីមេរោគដើម ឬ Wuhan។ ខណៈដែល អូមីក្រុង BA.2.75.2 នេះ មានការផ្លាស់ប្តូរពី BA.2.75 ត្រូវបានចាត់ទុកថាជា ការផ្លាស់ប្តូរជំនាន់ទី៣ ពីវីរុស Wuhan បើប្រៀបធៀបទៅនឹងការផ្ទុះឡើងនៃ BA.2.75 នៅក្នុងប្រទេសឥណ្ឌា ដែលការផ្ទុះដំបូងបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ហើយបានរីករាលដាលដល់ប្រទេសឈីលី ចក្រភពអង់គ្លេស សិង្ហបុរី អេស្ប៉ាញ អាល្លឺម៉ង់ និងប្រទេសថៃ។
ចំណែក អូមីក្រុង BA.2.75.2 គឺមានប្រៀបក្នុងការរីករាលដាលដល់ទៅ ៩០% បើធៀបជាមួយនឹង BA.5 និង ១៤៨% បើធៀបនឹង BA.4 នៅទូទាំងពិភពលោក។ ខណៈពេលដែលលោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា ការផ្លាស់ប្តូរទៅជា អូមីក្រុង BA.2.75.2 គឺជារឿងធម្មតា ព្រោះមេរោគកំពុងផ្លាស់ប្តូរគ្រប់ពេលវេលា រហូតមកទល់នឹងពេលនេះមិនបានរកឃើញបញ្ហាទេ។
ចំពោះប្រភេទដែលកំពុងរាតត្បាតនៅប្រទេសថៃនៅតែជាប្រភេទ BA.5 គឺគ្មានអ្វីអាចជំនួសបានឡើយ ដូចនេះ នាយកដ្ឋានវិទ្យាសាស្ត្របានតាមដានប្រភេទរងផ្សេងៗ រួមគ្នាជាមួយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកថា BA.2.75.2 នឹងរីករាលដាលយ៉ាងឆាប់រហ័សឬអត់។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសថៃ រកឃើញករណីថ្មីចំនួន ៦១៩ ករណីស្លាប់ ១០ នាក់បន្ថែមទៀត អ្នកឆ្លងសរុប ៤ ៦៦៨ ៨៦៣ នាក់ ជាសះស្បើយ ៤ ៦២៦ ០៣៤នាក់ អ្នកស្លាប់កើនឡើង ៣២ ៥៦៤នាក់ ខណៈស្ថានភាពពិភពលោក មានករណីសរុបចំនួន ៦១៤,២២៥,៨២៤ ករណី និងការស្លាប់សរុបចំនួន ៦,៥១៧,៨៨៦ នាក់។
អត្ថបទ៖ Bee
ប្រភព៖ Thirath
- Share This Post: