WHO បានប្រកាសពីថ្នាំអង់ទីករចំនួន ២ ប្រភេទ ដែលមិនត្រូវបានណែនាំសម្រាប់ការព្យាបាលជំងឺកូវីដ១៩ បន្ដទៀតទេ
- BY
- autoadmin
- September 16, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ថ្នាំអង់ទីករចំនួន ២ ប្រភេទ គឺថ្នាំ Sotrovimab និង Casirivimab-imdevimab មិនត្រូវបានណែនាំ នៅក្នុងការព្យាបាលអ្នកជំងឺ COVID-19 តទៅទៀតនោះទេ។ កន្លងមក ថ្នាំអង់ទីករទាំង ២ ត្រូវបានរចនាឡើងដើម្បីដំណើរការ ដោយការភ្ជាប់ទៅនឹងប្រូតេអ៉ីនរបស់វីរុស SARS-CoV-2 ដែលធ្វើឱ្យវីរុសគ្មានសមត្ថភាពបន្ដចម្លងទៅកោសិកានោះទេ។ ថ្នាំទាំង ២ ត្រូវបានផលិតឡើងតាំងពីដើមដំបូងនៃការរាតត្បាតជំងឺ COVID-19 ដូច្នេះ WHO យល់ឃើញថា ថ្នាំអង់ទីករទាំង ២ នឹងមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹង វ៉ារ្យ៉ង់អូមីក្រុង ឬ អនុទម្រង់របស់វ៉ារ៉្យង់នេះឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេបានណែនាំយ៉ាងពេញទំហឹង ប្រឆាំងនឹងការប្រើប្រាស់វិធីព្យាបាលទាំង ២ ចំពោះអ្នកជំងឺ COVID-19 ផ្ទុយពីអ្វីដែលពួកគេធ្លាប់បានណែនាំពីមុន ដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេស។ នៅក្នុងការអាប់ដេតគោលការណ៍ណែនាំដូចគ្នានោះ WHO បានធ្វើការណែនាំឱ្យមានការប្រើប្រាស់ថ្នាំ Remdesivir ចំពោះអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងមិនណែនាំឱ្យប្រើប្រាស់ ចំពោះអ្នកជំងឺ COVID-19 ដែលមានស្ថានភាពទ្រុឌទ្រោមខ្លាំងពេកនោះទេ។ ការណែនាំទាំងនេះ គឺផ្អែកលើលទ្ធផលពីការសាកល្បងចៃដន្យចំនួន ៥ ដែលពាក់ព័ន្ធនឹងអ្នកជំងឺ ៧,៦៤៣ នាក់ ដែលបង្ហាញពីការស្លាប់តិចជាង ១៣នាក់ ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ ដែលមានជំងឺ COVID-19 ធ្ងន់ធ្ងរ និងបានប្រើថ្នាំ Remdesivir។ ប៉ុន្តែការស្លាប់បានកើនដល់ ៣៤ នាក់ ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ សម្រាប់អ្នកមានជំងឺ COVID-19 ទ្រុឌទ្រោមខ្លាំង ដែលបានប្រើថ្នាំ Remdesivir ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






