គ្រូពេទ្យព្រមានថា មិនគួរគេងដោយមិនដោះ «លេនភ្នែក» ចេញនោះឡើយ បើមិនចង់បាត់បង់ភ្នែកជារៀងរហូត
ក្រុមអ្នកស្រាវជ្រាវកំពុងស្នើសុំឱ្យជនជាតិអាមេរិកឈប់ចូលគេងដោយមានពាក់ លេន (contact lenses) នៅក្នុងកែវភ្នែករបស់ពួកគេ។ របាយការណ៍មួយបានឱ្យដឹងថាមនុស្សប្រមាណ ៤៥លាននាក់ នៅក្នុងសហរដ្ឋអាមេរិកកំពុងតែប្រើប្រាស់ «លេន» ដាក់ភ្នែក ប៉ុន្តែមានមនុស្សជាច្រើនទៀតបានភ្លេចដោះវាចេញមុនពេលដែលពួកគេចូលគេង ដែលបញ្ហានេះអាចនាំឱ្យមានការឆ្លងមេរោគទៅកែវភ្នែករបស់ពួកគេ។ ការចូលគេងដោយមិនដោះ «លេន» ចេញនេះ អាចបណ្តាលឱ្យពួកគេមានជំងឺឆ្លងធ្ងន់ធ្ងរ ដែលត្រូវបានគេស្គាល់ថាជាជំងឺរលាកភ្នែកប្រសិនបើមិនបានព្យាបាល ហើយវាអាចបណ្តាលឱ្យខូចភ្នែក និងបាត់បង់សមត្ថភាពក្នុងការមើលឃើញជារៀងរហូត។
វេជ្ជបណ្ឌិត Jon Femling ជំនួយការសាស្ត្រាចារ្យនៅនាយកដ្ឋានសង្គ្រោះបន្ទាន់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ New Mexico បាននិយាយថា ការដេកពេលយប់ ឬសម្រាកមួយភ្លែតដោយមិនដោះ «លេន» ភ្នែកចេញ គឺមានភាពគ្រោះថ្នាក់ណាស់ ហើយអាចបណ្តាលឱ្យមានការឆ្លងមេរោគ ឬក្នុងករណីខ្លះការខូចខាតជាអចិន្ត្រៃយ៍តែម្តង។ វេជ្ជបណ្ឌិត Femling បានបន្តថា ការដេកមិនដោះ «លេន» គឺជាអាកប្បកិរិយាមួយក្នុងចំណោមគ្រោះថ្នាក់ និងហានិភ័យខ្ពស់បំផុតដែលត្រូវបានគេរាយការណ៍ប្រាប់ សម្រាប់មនុស្សវ័យក្មេង និងមនុស្សពេញវ័យបច្ចុប្បន្ន។ ប្រសិនបើអ្នកចង់ជៀសវាងការឆ្លងមេរោគ ហើយជៀសវាងការទៅជួបជាមួយនឹងពេទ្យភ្នែក យើងទាំងអស់គ្នាចាំបាច់ត្រូវតែថែរក្សាភ្នែកឱ្យបានត្រឹមត្រូវ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail