អន្តរជាតិ

ព្រះរាជពិធីបុណ្យរបស់អតីតម្ចាស់ក្សត្រី Elizabeth II នឹងចាប់ផ្ដើមនៅល្ងាចថ្ងៃចន្ទនេះ

BY
autoadmin
September 19, 2022

ព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋ របស់អតីតម្ចាស់ក្សត្រី Elizabeth II របស់អង់គ្លេស នឹងធ្វើឡើងនៅទីក្រុងឡុងដ៍ នៅក្នុងថ្ងៃចន្ទនេះ (8pm AEST) ត្រូវនឹងម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។ ភ្ញៀវមកពីជុំវិញពិភពលោកច្រើនជាង ២,០០០ នាក់ នឹងចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ របស់ព្រះមហាក្សត្រដែលសោយរាជ្យយូរជាងគេបង្អស់ (៧០ឆ្នាំ) របស់ចក្រភពអង់គ្លេសអង្គនេះ។ រំលឹកជូនផងដែរថា ព្រះមហាក្សត្រីបានសោយព្រះពិរាល័យ នៅថ្ងៃទី០៨ ខែកញ្ញា នៅក្នុងព្រះជន្មាយុ ៩៦ឆ្នាំ នៅឯប្រាសាទ Balmoral ក្នុងប្រទេសស្កុតឡេន ហើយថ្ងៃចន្ទនេះ នឹងរាប់ជាថ្ងៃបុណ្យជាតិសម្រាប់អង់គ្លេស។

ព្រះរាជពិធីបុណ្យសពនឹងធ្វើឡើងនៅព្រះវិហារ Westminster Abbey កណ្តាលទីក្រុងឡុងដ៍ ចាប់ពីម៉ោង ១១ ព្រឹក ម៉ោងក្នុងស្រុក។ វានឹងក្លាយជាពិធីបុណ្យសពថ្នាក់រដ្ឋដំបូងគេនៅក្នុងចក្រភពអង់គ្លេស ចាប់ពីការប្រារព្ធពិធីសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក Winston Churchill នៅឆ្នាំ១៩៦៥។ ក្នុងអំឡុងពេលពិធីបុណ្យសពរយៈពេលមួយម៉ោង អាចារ្យនៃទីក្រុង Canterbury ដែលជាអ្នកដឹកនាំដ៏សំខាន់នៃសាសនាចក្ររបស់អង់គ្លេស នឹងអធិប្បាយធម្មទេសនា ហើយការស្ងប់ស្ងាត់រយៈពេល ២នាទី នឹងត្រូវធ្វើឡើងទូទាំងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រាជវង្ស និងមេដឹកនាំប្រហែល ៥០០ នាក់ មកពីប្រទេស និងដែនដីជិត ២០០ នឹងចូលរួមពិធីនោះ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ផងដែរ។ បន្ទាប់ពីព្រះរាជពិធីបុណ្យសព មឈូសរបស់ព្រះមហាក្សត្រិយានី នឹងត្រូវផ្លាស់ប្តូរទៅកាន់ Windsor Castle នៅជាយក្រុងឡុងដ៍ អមដោយស្តេច Charles III ព្រះអង្គម្ចាស់ William និងអ្នកដទៃទៀត។ ព្រះមហាក្សត្រិយានី​នឹង​ត្រូវ​គេ​ដាក់​ឱ្យ​គង់​ក្បែរ​ព្រះ​អង្គ​ម្ចាស់ Philip ​ក្នុង​វិហារ​របស់​ប្រាសាទ៕


អត្ថបទ៖ លីដា
ប្រភព៖ ABC

Share This Post: