រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman នឹងមិនចូលរួមព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នោះទេ
- BY
- autoadmin
- September 19, 2022
ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា រាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed Bin Salman មិនត្រូវបានរំពឹងថា នឹងចូលរួមព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នោះទេ។ ប្រភពដែលបានដកស្រង់សម្តីដោយ រ៉យទ័រ បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយភាគីអារ៉ាប៊ីសាអូឌីត។ មុននេះ ក្រុមសិទ្ធិមនុស្សក៏បានធ្វើការរិះគន់យ៉ាងខ្លាំង លើការសម្រេចចិត្តអញ្ជើញព្រះអង្គម្ចាស់របស់អារ៉ាប៊ីសាអូឌីតអង្គនេះ ខណៈដែលទ្រង់ត្រូវបានលោកខាងលិចចោទប្រកាន់ថា បានបញ្ជាឱ្យមានការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi ក្នុងឆ្នាំ២០១៨។

ទ្រង់បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែទ្រង់ត្រូវបានលោកខាងលិចមើលមកថា ជាជនអគតិម្នាក់ ហើយទ្រង់មិនដែលបានយាងទៅកាន់អង់គ្លេសនោះទេ ចាប់តាំងពីឃាតកម្មលើលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីឆ្នាំ២០១៨។ យ៉ាងណា ព្រះអង្គម្ចាស់ Turki al-Faisal ដែលជារាជវង្សអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីបុណ្យសពជំនួសវិញ។ ចំណែកការអញ្ជើញប្រទេសចិន ក៏ទទួលរងការរិះគន់ផងដែរ ដោយសារប្រទេសចិនមានរឿងអាស្រូវ បំពានកម្លាំងពលកម្មលើជនជាតិអ៊ុយហ្គួរមូស្លីមនៅស៊ីនជាំង។ ប៉ុន្តែប្រទេសចិនបានបញ្ជាក់ថា ខ្លួនកំពុងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន គឺលោក Wang Qishan ឱ្យទៅចូលរួមព្រះរាជពិធីបុណ្យសពនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






