ទឹកចិត្តឪពុក! សុខចិត្តកុហកថាទៅធ្វើការទីឆ្ងាយ ដើម្បីលួចបរិច្ចាគស្បែកដល់កូនស្រីខ្លួនដែលត្រូវភ្លើងឆេះ
លោកឪពុកម្នាក់មកពីខេត្តហឺណាន ភាគកណ្តាលប្រទេសចិន បានបរិច្ចាគស្បែករបស់គាត់ម្តងហើយម្តងទៀតដល់កូនស្រីរបស់គាត់ដែលបានជួបគ្រោះថ្នាក់រលាកភ្លើងធ្ងន់ធ្ងរ ដោយសារតែគាត់មិនមានលទ្ធភាពក្នុងការចំណាយថ្លៃសម្រាប់ការវះកាត់របស់កូនស្រីគាត់។ ក្មេងស្រីជាកូនត្រូវបានគែឱ្យដឹងថាមានអាយុ ១៧ឆ្នាំ មានឈ្មោះថា លីចេស៊ី ដែលបានបាត់បង់ស្បែក ៨០ភាគរយ ដោយសារតែការផ្ទុះហ្គាសមួយ កាលពីថ្ងៃទី៣ ខែតុលា ហើយដោយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការវះកាត់កែស្បែកដើម្បីរស់ទើបឪពុករបស់នាងសម្រេចបរិច្ចាគស្បែកគាត់ផ្ទាល់តែម្តង។
លោកឪពុក Li Zhifeng ត្រូវបានមន្ទីរពេទ្យប្រាប់ថា គាត់ត្រូវចំណាយ ៣០០,០០០ យ័ន (៤៣,៤៣១ដុល្លារអាមេរិក) ដើម្បីទិញស្បែកដែលចាំបាច់សម្រាប់ការវះកាត់ប្តូរឱ្យកូនស្រីរបស់គាត់ ដោយមិនមានលទ្ធភាពចំណាយថ្លៃឈ្នួលវេជ្ជសាស្រ្តថ្លៃៗ លោក Li បានសំរេចចិត្តបរិច្ចាគស្បែករបស់គាត់ដើម្បីសង្គ្រោះកូនស្រី។ ចំណែកអ្នកស្រី Zheng Guohong ជាម្តាយប្រពន្ធបាននិយាយថា ពួកគេបានចំណាយប្រាក់ជាង ១.៦ លានយ័ន ដើម្បីចំណាយលើការព្យាបាល ដោយដាក់ផ្ទះបញ្ចាំ និងខ្ចីប្រាក់ពីសាច់ញាតិ។ ជាសំណាងល្អ អរគុណដល់លុយដែលបានបរិច្ចាគដោយសាធារណជន ក្តីសង្ឃឹមរបស់គ្រួសារគាត់ត្រូវបានស្ដារឡើងវិញជាថ្មីម្តងទៀត។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពួកគេនៅតែត្រូវការប្រាក់ប្រមាណ ៧០០ ០០០យ័ន សម្រាប់ការព្យាបាលបន្ថែមទៀត។
អ្នកម្តាយ Zheng Guohong បាននិយាយថា ប្តីរបស់គាត់បានបរិច្ចាគស្បែកក្បាលរបស់គាត់ឱ្យកូនស្រីរយៈពេលប្រាំមួយ ឬប្រាំពីរដងហើយ ដោយគាត់នឹងរង់ចាំឱ្យស្បែករបស់គាត់ដើម្បីដុះឡើងវិញមុនពេលគាត់បរិច្ចាគវាម្តងទៀត។ លោក Li Zhifeng ដែលជាឪពុកក៏ត្រូវបានគេឱ្យដឹងដែរថា គាត់បានបរិច្ចាគស្បែកជើងឆ្វេង បរិច្ចាគស្បែកដៃឆ្វេងរបស់គាត់ ហើយគាត់បានប្រាប់ថា «ខ្ញុំអាចទទួលការឈឺចាប់ខាងរាងកាយ ប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងចំពោះអ្វីដែលកើតលើកូនស្រីរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានាងអាចមានភាពប្រសើរឡើងឆាប់ៗ» «ជីវិតរបស់កូនស្រីរបស់ខ្ញុំទើបតែចាប់ផ្តើម ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយសង្គ្រោះនាង មិនថាវាឈឺចាប់យ៉ាងណានោះទេ»។
ទោះជាយ៉ាងណាក៏ដោយ កូនស្រីរបស់គាត់មិនដឹងពីអ្វីដែលឪពុកនាងបានធ្វើសម្រាប់នាងនោះទេ ព្រោះឪពុកម្តាយរបស់នាងមិនចង់ឱ្យនាងព្រួយបារម្ភ។ ឪពុករបស់ លីចេស៊ី បានសុំឱ្យប្រពន្ធរបស់គាត់ប្រាប់កូនស្រីរបស់គាត់ថា គាត់បានទៅរស់នៅទីក្រុងមួយផ្សេងទៀតដើម្បីធ្វើការ ខណៈដែលការពិតគាត់កំពុងតែធ្វើការវះកាត់នៅមន្ទីរពេទ្យដូចគ្នា។ យោងតាមវេជ្ជបណ្ឌិតបានប្រាប់ថា លីចេស៊ី បានឆ្លងកាត់ការវះកាត់ចំនួន ១៧ដង ហើយនាងត្រូវបានគេពិពណ៌នាថា ជាក្មេងស្រីដែលមានឆន្ទៈខ្លាំងក្លាម្នាក់ ហើយពេលនេះនាងកំពុងតែជាសះស្បើយបណ្តើរៗហើយ៕




អត្ថបទ៖ លីដា
ប្រភព៖ cgtn