សង្គម

លក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

BY
Naren
September 28, 2022

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញសាធារណជននូវ លក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

– រថយន្តគ្រួសារ/ធុនស្រាល អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 120km/h
– រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 100km/h
– រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 80km/h

ក្រសួងបានបន្ថែមថា ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។ ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។ សូមជម្រាបជូនផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: