ជីវិតថ្មីក្រោយការតស៊ូជាមួយជំងឺដ៏ចម្លែកអស់រយៈពេល ២ឆ្នាំ របស់ក្មេងប្រុសម្នាក់ ដែលធ្លាប់តែរស់ទាំងវេទនា
ក្មេងប្រុស John Sarcona មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ NewYork-Presbyterian ក្នុងទីក្រុងញូវយ៉កដើម្បីព្យាបាលជំងឺឆ្អឹងខ្នង ដែលគំរាមកំហែងដល់អាយុជីវិត ព្រោះឆ្អឹងខ្នងរបស់គាត់កាន់តែពត់កោងទៅតាមពេលវេលា។ ពីរឆ្នាំក្រោយមកបន្ទាប់ពីការធូរស្រាលឡើងវិញដ៏គួរឱ្យភ្ញាក់ផ្អើល ពេលនេះគាត់កំពុងតែរៀនបើកឡាន និងរីករាយជាមួយនឹងជិវិតជានិស្សិតមហាវិទ្យាល័យឆ្នាំទី១។
ចាប់តាំងពីគាត់មានអាយុ ៦ឆ្នាំ John Sarcona បានវះកាត់ចំនួន ១៨លើកសម្រាប់ជំងឺ Scoliosis ដែលត្រូវបានគេស្គាល់ថា kyphoscoliosis។ ស្ថានភាពនេះគឺជាការរួមបញ្ចូលគ្នានៃភាពមិនធម្មតានៃការលូតលាស់ឆ្អឹងខ្នង ដែលធ្វើឱ្យឆ្អឹងខ្នងកោង (ដូចរូបភាពខាងក្រោម) ។ យ៉ាងណាក៏ដោយ John Sarcona បាននិយាយថា មុនការវះកាត់ដំបូងខ្ញុំជាគ្រាន់តែជាក្មេងធម្មតា ខ្ញុំមិនមានការរឹតត្បិត និងសូម្បីតែសញ្ញាដំបូងនៃជំងឺ Scoliosis រហូតទាល់តែយើងចាប់ផ្តើមឃើញវាកាន់តែច្បាស់នៅពេលដែលខ្ញុំធំឡើង។
ក្រៅពីការវះកាត់ដែលត្រូវបានធ្វើឡើងជារៀងរាល់ ៦ខែម្តង ក្មេងប្រុស John Sarcona ត្រូវបានផ្តល់ជូននូវរណបប្លាស្ទិក (plastic brace) ម៉្យាងដើម្បីជួយឱ្យរាងកាយរបស់គាត់មានលំនឹង។ Sarcona ត្រូវបានណែនាំឱ្យពាក់រណបរបស់គាត់រយៈពេល ១៨ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលដែលខ្លួនរបស់គាត់ចាប់ផ្តើមលូតលាស់ឆ្អឹងខ្នងរបស់គាត់ចាប់ផ្តើមបត់កោង ១៥ដឺក្រេ។ ក្រោយមកនៅពេលវេជ្ជបណ្ឌិតរបស់គាត់ម្នាក់ទៀតបានដឹងនូវដំណឹងនេះ ហើយបានព្រមានថា ប្រសិនបើអ្នកពាក់វារយៈពេល ១៨ម៉ោងដូចអ្នកធ្លាប់បានធ្វើរាល់ដងនោះ អ្នកនឹងមានបញ្ហាធំជាង scoliosis ទៅទៀត។
ជាសំណាងរបស់ក្មេងប្រុសនេះដោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត Lawrence Lenke របស់ NewYork-Presbyterian និងបុគ្គលិករបស់គាត់ បានធ្វើការវះកាត់ឆ្អឹងខ្នងឱ្យ John Sarcona ដោយប្រើឧបករណ៍ដែលត្រូវបានគេស្គាល់ថា «halo traction» ដែលវិធីនេះពាក់ព័ន្ធនឹងការវះកាត់រុំកងម៉្យាង នៅជុំវិញក្បាលរបស់គាត់ ហើយដាក់ halo traction នេះលើខ្លួនរបស់គាត់ ដែលវានឹងជួយលាតសន្ធឹងឆ្អឹងខ្នងរបស់គាត់យឺតៗ និងឈានទៅរកការធូរស្រាលនៃជំងឺកោងឆ្អឹងខ្នងរបស់គាត់។ ជំងឺរបស់គាត់ចាប់ផ្តើមមានសភាពល្អប្រសើរតាំងតែសប្តាហ៍ដំបូង ហើយវាពិតជារឿងដ៏អស្ចារ្យបំផុត ដែលជិវិតគាត់មុនពេលជួបលោកវេជ្ជបណ្ឌិត Lawrence Lenke គឺប្រៀបដូចជាការស្លាប់ទាំងរស់។ យ៉ាងណាមិញពេលនេះក្មេងប្រុស John Sarcona គឺកំពុងតែសប្បាយរីករាយជាមួយនឹងជីវិតថ្មី និងការចូលរៀនជានិស្សិតឆ្នាំទីមួយរបស់គាត់៕




អត្ថបទ៖ លីដា
ប្រភព៖ abcnews