ប្តីប្រពន្ធមួយគូ ចង់ឱ្យកូនក្លាយជា VEGAN ដូចខ្លួន ទីបំផុតបានធ្វើឱ្យកូនខ្លួនរងនូវជំងឺដ៏សាហាវម៉្យាង
ម្តាយវ័យ ៣២ឆ្នាំ និងឪពុកវ័យ ៣៤ឆ្នាំ មួយគូ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ដោយសារពួកគេបានផ្តល់នូវអាហារតាមបែបជាអាហារអ្នកមិនបរិភោគសាច់ (vegan) ឱ្យកូនស្រីរបស់ពួកគេដែលមានអាយុត្រឹមតែ ១៩ខែ។ កុមារីរងគ្រោះត្រូវបានគេឱ្យដឹងថា បានទទួលនូវរបបអាហារជា៖ នំបុ័ងអាំង គ្រាប់ធញ្ញជាតិ (oats) និងទឹកដោះគោ តែប៉ុណ្ណោះជារៀងរាល់ថ្ងៃ។


ស្របពេលមានការអន្តរាគមន៍ពីអាជ្ញាធរ កូនស្រីរបស់ពួកគេត្រូវបានគេរកឃើញថា មានការខ្វះទម្ងន់ ដោយគេមានទម្ងន់ត្រឹមតែ ៤.៩គីឡូក្រាម មិនតែប៉ុណ្ណោះកុមាររងគ្រោះបានទទួលរងនូវជំងឺឆ្អឹងម៉្យាងហៅថា «Rickets» ដែលវាជាជំងឺឆ្អឹងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ។ យ៉ាងណាមិញឪពុកម្តាយដែលមិនត្រូវបានបញ្ចេញឈ្មោះមួយគូនេះ បានសារភាពថា ពួកគេពិតជាបានធ្វើឱ្យកុមារីរងគ្រោះដែលជាកូន រងគ្រោះនឹងជំងឺនេះពិតមែន ហើយពេលនេះពួកគេត្រូវប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគារ។
កុមារីរងគ្រោះត្រូវបានគេឱ្យដឹងមកថា រូបនាងទទួលបានត្រឹមតែ គ្រាប់ធញ្ញជាតិ (oats) មួយកូនចាន ចេកមួយកំណាត់ និងទឹកដោះគោមួយកែវ សម្រាប់អាហារពេលព្រឹករបស់គេ ហើយបន្ទាប់មកនាងនឹងមានត្រឹមតែដុំនំបុ័ងអាំងជាមួយប៊ឺ ឬប៊ឺសណ្តែក សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ របបអាហារទាំងនេះបានធ្វើឱ្យកុមារីរូបនេះទទួលរងនូវភាពកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ដោយសារតែនាងមិនបានទទួលជាតិ៖ កាល់ស្យូម, ផូស្វ័រ, វីតាមីន B12, វីតាមីន A, ជាតិដែក និងស័ង្កសី បានគ្រប់គ្រាន់។ កុមារីរងគ្រោះគឺមិនអាច វារ ឬនិយាយបានឡើយ ហើយជាងនេះទៅទៀត នាងក៏មានការបាក់ឆ្អឹងនៅផ្នែកខ្លះនៃរាងកាយផងដែរ ហើយឆ្អឹងរបស់នាងគឺមានសភាពទន់ខ្សោយខ្លាំងណាស់ ដែលសូម្បីតែគ្រូពេទ្យក៏ភ័យខ្លាចថា ឆ្អឹងរបស់នាងអាចនឹងត្រូវបែកបាក់សូម្បីតែការចាប់កាន់ធម្មតា៕
– ខាងក្រោមនេះគឺជារូបភាពកុមារដែលទទួលរងនូវជំងឺ «Rickets» ដែលភាគច្រើនកើតមាននៅតំបន់អាហ្រ្វិកដោយសារពួកគេរងគ្រោះទុរ្ភិក្ស៖

អត្ថបទ៖ លីដា
ប្រភព៖