៧ឆ្នាំមុន គាត់លក់ក្រលៀន ដើម្បីទិញ iPhone 4 ហើយ៧ឆ្នាំក្រោយមកក៏ធ្លាក់ខ្លួនជាជនពិការ
ពួកយើងគ្រប់គ្នាប្រហែលជាធ្លាប់បាននិយាយកំប្លែងថា «យើងនឹងលក់ក្រលៀនរបស់យើងសម្រាប់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយ» ប៉ុន្តែរឿងមួយដែលយើងនឹកស្មានមិនដល់គឺ បុរសម្នាក់នេះពិតជាបានធ្វើវាមែន! ហើយពេលនេះវាបានបំផ្លាញជីវិតរបស់គាត់ទាំងមូល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍ដោយ Oriental Daily បានឱ្យដឹងថា បុរសម្នាក់នេះមានអាយុ ២៤ឆ្នាំ ដែលមានឈ្មោះថា Xiao Wang ហើយកាលពីគាត់នៅរៀនវិទ្យាល័យ (៧ឆ្នាំមុន) គាត់បានលក់ក្រលៀនរបស់គាត់ដើម្បីទិញ iPhone 4 ដោយពេលនោះគាត់មានអាយុត្រឹមតែ ១៧ឆ្នាំ ប៉ុណ្ណោះ ព្រោះពេលនោះគាត់គិតថានរណាមានiPhone កាន់ អ្នកនោះគឺជាពួក Atas (high-class) ។
លោក Xiao Wang ពេលគ្រានោះក៏ប្រាថ្នាចង់បាន iPhone ដែរ ប៉ុន្តែដោយគ្រួសារមានជីវភាពក្រីក្រ គ្រួសាររបស់គាត់មិនបានអនុញ្ញាតិឱ្យប្រើនោះទេ។ ដោយហេតុតែចង់បានវាមកប្រើ លោកបានចាប់ផ្តើមរកវិធីដើម្បីរកលុយបានលឿន ហើយនៅពេលនោះគាត់ត្រូវបានឈ្មួញកណ្តាលម្នាក់ប្រាប់ថា «មានមនុស្សម្នាក់ត្រូវការក្រលៀនមួយចំហៀងដើម្បីរស់បន្ត» ស្របពេលនោះគាត់ក៏គិតថា «ក្រលៀនមួយគឺគ្រប់គ្រាន់សម្រាប់ខ្ញុំ ហេតុអ្វីខ្ញុំត្រូវការមួយផ្សេងទៀត? ហេតុអ្វីខ្ញុំមិនលក់វាមួយចំហៀងទៅ?» ក្រោយមកទើបឈានដល់ការលក់ក្រលៀនរបស់គាត់នេះ ដែលវាក៏ជាអំពើខុសច្បាប់ផងដែរ។ លោក Xiao ទទួលការឱ្យថ្លៃចំនួន ២២,០០០ យ័ន (ប្រហែលជា ៣១៨៨ដុល្លារអាមេរិក) ពីឈ្មួញកណ្ដាលសម្រាប់ក្រលៀនរបស់គាត់ ហើយវាលើសពីគ្រាន់ដើម្បីទិញទូរស័ព្ទ iPhone 4 នេះ។
ឈ្មួញកណ្តាលក៏បានប្រាប់លោក Xiao Wang ថា គាត់អាចដឹកនាំជីវិតធម្មតាម្តងទៀតបន្ទាប់ពីវះកាត់បានមួយសប្តាហ៍ ប៉ុន្តែនោះមិនមែនជាបញ្ហាចំបងនោះទេ។ ជាអកុសលការប្រតិបត្តិការមិនមានអនាម័យត្រឹមត្រូវនោះទេ ដែលនាំឱ្យមានការឆ្លងមេរោគលើមុខរបួសរបស់គាត់។ ហើយអាក្រក់ជាងនេះទៅទៀត គឺឪពុកម្តាយរបស់គាត់មិនបានដឹងនូវអ្វីទាំងអស់នេះទេ តែពួកគាត់បានដឹងរឿងនេះនៅពេលដែលកូនរបស់គាត់បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរពីការឆ្លងមេរោគនេះបាត់ទៅហើយ។ គ្រួសាររបស់គាត់ពេលនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុក្រោយពីពួកគាត់បានព្យាយាមគាំទ្រការព្យាបាលដោយប្រើ haemodialysis ឱ្យលោក Xiao ។ យ៉ាងណាមិញទាំងឈ្មួញកណ្តាល និងពេទ្យ ដែលចូលដៃក្នុងការលក់ក្រលៀនរបស់លោក Xiao ត្រូវបានបញ្ជូនទៅតុលាការទាំងអស់ ហើយក្រុមគ្រួសារនេះបានទទួលប្រាក់សំណងជាច្រើន ប៉ុន្តែគ្មានអ្វីអាចផ្លាស់ប្តូរការពិតដែលថា សុខភាពរបស់កូនប្រុសរបស់ពួកគេត្រូវបានបំផ្លាញជារៀងរហូតនោះទេ៕




អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz