ទីក្រុងញូវយ៉កប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ឆ្លើយតបទៅនឹងការកើនឡើងលំហូរចូលនៃជនចំណាកស្រុក
យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបានបញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។

លោក Eric Adams បាននិយាយថា ចាប់តាំងពីខែកញ្ញាកន្លងទៅ មានឡានក្រុង ៥-៦ គ្រឿង បានដឹកជនអន្តោប្រវេសន៍ទៅរដ្ឋ New York ជារៀងរាល់ថ្ងៃ ដោយភាគច្រើនមកពីគ្រួសារដែលមានកូនតូចៗ កំពុងស្ថិតក្នុងវ័យសិក្សា និងត្រូវការការថែទាំវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ មនុស្សប្រហែល ១ នាក់ ក្នុងចំណោម ៥ នាក់ កំពុងសម្រាកនៅជម្រកបណ្ដោះអាសន្ន ហើយកំពុងតែធ្វើការស្នើសុំសិទ្ធិជ្រកកោន។ លោក Adams បានបន្តទៀតថា ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីរដ្ឋ New York ក្នុងការជួយក៏ដោយ ប៉ុន្តែវាក៏ទាមទារនូវថវិកា ១ ពាន់លានដុល្លារ ជាប្រចាំឆ្នាំ ដោយលោកបានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធ ជួយផ្តល់ថវិកាសម្រាប់បង្កើតទីជម្រក និងជំនួយដល់ជនអន្តោប្រវេសន៍ទាំងនេះ។
ក្រៅពីនេះលោក Eric Adams ក៏បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធចាត់វិធានការផ្លូវច្បាប់ ដើម្បីអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ស្វែងរកការងារធ្វើដោយស្របច្បាប់ និងរៀបចំផែនការបញ្ជូនជនចំណាកស្រុកទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស៕



អត្ថបទ៖ Bee
ប្រភព៖ Thairath