ពិធីបុណ្យថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គឺចំណាយអស់ប្រមាណ ៨ លានដុល្លារអាមេរិក ដែលទាបជាងការប៉ាន់ស្មានដំបូង
- BY
- autoadmin
- October 14, 2022
ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយជាក់ស្តែងនៃពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ កាលពីថៃទី២៧ ខែកញ្ញា កន្លងទៅនោះ ត្រូវបានគេរំពឹងថាប្រមាណជា ១.២ ពាន់លានយ៉េន ឬជាង ៨ លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានពីមុន។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនមានភាពខ្វែងគំនិតគ្នាថា តើរដ្ឋាភិបាលចាំបាច់គួរតែធ្វើពិធីបុណ្យសពរដ្ឋ ដោយប្រើលុយដែលពលរដ្ឋជាអ្នកបង់ពន្ធ ឬយ៉ាងណា។ រដ្ឋាភិបាលពីមុនបានប៉ាន់ប្រមាណថា ពិធីបុណ្យសពនឹងត្រូវចំណាយអស់ប្រហែល ១.៦៦ ពាន់លានយ៉េន ឬប្រហែល ១១ លានដុល្លារ ហើយខ្លួនក៏បានបញ្ជាក់ដែរថា នឹងបញ្ចេញតួលេខបឋមភ្លាមៗ នៅពេលដែលវាពិនិត្យព័ត៌មានលម្អិត បន្ទាប់ពីពិធីបុណ្យសព។

ប្រភពបាននិយាយថា ការចំណាយពិតប្រាកដគឺតិចជាងការប៉ាន់ស្មានប្រមាណ ៤០០ លានយ៉េន ពីចំនួនដែលរដ្ឋាភិបាលបានប្រកាសដំបូង។ មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ NHK ថា ការចំណាយលើការដាក់ពង្រាយបុគ្គលិកសន្តិសុខ និងការស្វាគមន៍ឥស្សរជនបរទេសបានថយចុះ ដោយសារតែចំនួនអ្នកចូលរួម រួមទាំងភ្ញៀវបរទេសមានចំនួនតិចជាងការប៉ាន់ស្មានដំបូង។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញព័ត៌មានលម្អិតអំពីការចំណាយដល់សមាជិកបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិការបស់សភាជាន់ទាបនៅថ្ងៃសុក្រ។ ពិធីបុណ្យសពថ្នាក់រដ្ឋនេះត្រូវបានគេរំពឹងថា ជាប្រធានបទសំខាន់ក្នុងការជជែកពិភាក្សានៅឯសម័យប្រជុំនៃសភា Diet របស់ជប៉ុន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






