អន្តរជាតិ

សហរដ្ឋអាមេរិកបានថ្កោលទោស ការវាយប្រហារដោយដ្រូនគ្មានមនុស្សបើករបស់រុស្ស៊ីនៅទីក្រុងគៀវថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»

BY
autoadmin
October 18, 2022

សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែតុលា នេះថា សហរដ្ឋអាមេរិកថ្កោលទោសទង្វើរបស់ប្រទេសរុស្ស៊ីថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ដោយយន្តហោះគ្មានមនុស្សបើក Kamikaze អំឡុងពេលព្រឹកព្រលឹម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ នៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងគៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា មានការវាយប្រហារកាន់តែច្រើនឡើងៗ ហើយក៏មានដ្រូនខ្លះត្រូវបានបាញ់ទម្លាក់ផងដែរ។

ទីភ្នាក់ងារព័ត៌មាន Interfax Ukraine បាននិយាយថា ការបំផ្ទុះមាននៅក្នុងទីប្រជុំជន Fastiv នៅខាងក្រៅទីក្រុងគៀវ ក៏ដូចជានៅកំពង់ផែភាគខាងត្បូងនៃតំបន់ Odesa។ គ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះចម្បាំងជាច្រើន ត្រូវបានបាញ់តបតទៅលើអាកាស មានទាំងការផ្ទុះ និងអណ្ដាតភ្លើងពាសពេញមេឃ ខណៈអ្នកស្រុកបានប្រញាប់ប្រញាល់ស្វែងរកទីជម្រកបណ្ដោះអាសន្ន។

លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន លោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សេតវិមាន «ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃនេះ» ហើយបាននិយាយថា ការវាយប្រហារកន្លងមក នៅតែបន្តបង្ហាញពីភាពឃោរឃៅរបស់លោក ពូទីន។ លោកស្រីក៏បានលើកឡើងអំពីកញ្ចប់ជំនួយយោធាថ្មីចំនួន ៧២៥ លានដុល្លារអាមេរិក ដែលបានប្រកាសសម្រាប់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបាននិយាយថា៖«យើងនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនដរាបណាពួកគេនៅត្រូវការ»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: