ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ករណី

    BY Khmernote Media October 18, 2022
    ថៃរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ករណី

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ អ្នកជំងឺដែលបានឆ្លងមេរោគរងប្រភេទ XBB នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេស ហើយពួកគាត់គឺជាអ្នកដំណើរក្នុងចំណោមមនុស្សចំនួន ១២៨នាក់ ដែលត្រូវបានអាជ្ញាធរថៃយកសំណាកទៅពិនិត្យរកមេរោគនៃជំងឺកូវីដ-១៩។

    ប្រភពខាងលើបាន​បន្តថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នោះគឺមាន ១២៦នាក់បានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.4 និងBA.5 និង ២ ករណីបានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.2 បំប្លែងខ្លួនជាមេរោគថ្មីប្រភេទBA.2.75 ឬតាមធម្មតាក្រុមជំនាញបានហៅថា មេរោគ XBB។ គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញថា អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួន XBB មានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ តែយ៉ាងណាក្តីក្រុមអ្នកជំនាញកំពុងតាមដានបច្ចុប្បន្នភាពរបស់មេរោគថ្មីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដ្បិតគេបារម្ភថាវាអាចវិវឌ្ឍន៍ក្លាយជាមេរោគដ៏គ្រោះថ្នាក់នៅថ្ងៃខាងមុខ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: