ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្ដុកក្ដួលក្នុងចិត្តណាស់! អ្នកម្តាយម្នាក់នេះបានរៀបរាប់អំពីហេតុការណ៍ ដែលកូនគាត់ត្រូវបានរលកយក្សស៊ូណាមិពង្រាត់ពីដៃ

    BY autoadmin December 27, 2018
    ក្ដុកក្ដួលក្នុងចិត្តណាស់! អ្នកម្តាយម្នាក់នេះបានរៀបរាប់អំពីហេតុការណ៍ ដែលកូនគាត់ត្រូវបានរលកយក្សស៊ូណាមិពង្រាត់ពីដៃ

    ឥណ្ឌូនេស៊ី៖ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ដោយសារតែរលកយក្សស៊ូណាមិ ដែលបានវាយប្រហារមកប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីភ្នំភ្លើង Anak Krakatau បានផ្ទុះឡើងបង្កឱ្យមានការបាក់ដី។ យ៉ាងណាមិញអ្នកម្តាយឈ្មោះ អេមីលៀ ដែលបានរួចរស់ជីវិតម្នាក់នេះ បានប្រាប់សារព័ត៌មាន BBC News ឥណ្ឌូនេស៊ីទាំងក្ដុកក្ដួល អំពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ដែលកូនស្រីអាយុ ៥ឆ្នាំ របស់គាត់បានរបូតពីដៃរបស់គាត់ចូលទៅក្នុងសមុទ្រ។

    អ្នកម្តាយ អេមីលៀ បាននិយាយរៀបរាប់ថា៖ «ខ្ញុំបានកាន់កូនរបស់ខ្ញុំណែនក្នុងដៃ តែនាងនៅតែហៅខ្ញុំជាម្តាយ» ក្រោយរលកមួយ ចូលមករលកមួយទៀត អ្នកម្តាយ អេមីលៀ បន្តថា៖ «ខ្ញុំកាន់តែខ្សោយកម្លាំង ខ្ញុំអស់កម្លាំង ហើយខ្ញុំមិនអាចដកដង្ហើមបានទៀតទេ … ខ្ញុំមិនអាចកាន់កូនស្រីរបស់ខ្ញុំបានណែននឹងដៃទៀតទេ» «បន្ទាប់មកខ្ញុំបានចាប់កអាវរបស់នាង តែវាយឺតពេលទៅហើយ» ព្រោះថាកូនស្រីរបស់គាត់បានរបូតចេញពីដៃរបស់គាត់បាត់ទៅហើយ។

    អ្នកម្តាយ អេមីលៀ បានបន្តទៀតថា គាត់ត្រូវបានរលកយក្សស៊ូណាមិបក់ផាត់ចូលទៅក្នុងសមុទ្រ ប៉ុន្តែក៏ត្រូវបានរុញទៅច្រាំងវិញដោយរលក។ ទាំងអ្នកម្តាយ និងស្វាមីបានរស់រានមានជីវិត ទោះបីជាអ្នកទាំងពីរត្រូវរបួសយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែកូនស្រីតែមួយគត់របស់គាត់ពេលនេះ គឺមិនទាន់បានរកឃើញវិញនូវឡើយទេ។ អ្នកម្តាយម្នាក់នេះ គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្ស ៩០នាក់ ដែលបានសម្រាកនៅមន្ទីរពេទ្យនៅតំបន់ Bob Bazar ជិតទីក្រុង Kalianda ។

    រលកយក្សស៊ូណាមិកាលពីថ្ងៃសៅរ៍នេះ បានលេបត្របាក់តំបន់ឆ្នេរសមុទ្រនៅលើកោះស៊ូម៉ាត្រា និងជ្វា ដោយយ៉ាងហោចណាស់មនុស្ស ៤៣០នាក់ ត្រូវបានស្លាប់ និងជាង ១៥០នាក់កំពុងបាត់ខ្លួន។ វាបានបំផ្លាញ ទ្រព្យធនធាន អាគាររាប់រយខ្នង ហើយយ៉ាងហោចណាស់មានមនុស្ស ១៦,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតកំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នដូចជា៖ វិហារ សាលារៀន ហើយមានមនុស្សរាប់សិបនាក់កំពុងតែដេកផ្ទាល់លើកំរាលឥដ្ឋយ៉ាងកម្សត់៕

    អត្ថបទ៖ លីដា
    ប្រភព៖​ bbc

    Share This Post: