កូរ៉េខាងជើងបានបាញ់កាំភ្លើងធំរាប់រយគ្រាប់ ចូលទៅក្នុងតំបន់ទ្រនាប់ជាមួយកូរ៉េខាងត្បូងយប់មិញនេះ
- BY
- autoadmin
- October 19, 2022
អគ្គសេនាធិការចម្រុះអាមេរិក (JCS) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់ទ្រនាប់ (Buffer zone) ជាមួយកូរ៉េខាងត្បូង ដែលជាតំបន់ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១០០ គ្រាប់ ចូលទៅក្នុងសមុទ្រលឿងចាប់ពីម៉ោងប្រហែល ១០យប់ ថ្ងៃអង្គារ និងចំនួន ១៥០ គ្រាប់ទៀត ចូលទៅក្នុងសមុទ្រខាងកើត ចាប់ពីម៉ោង ១១ យប់ នេះបើយោងតាម JCS។ គ្រាប់កាំភ្លើងធំបានធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ភាគខាងកើត និងតំបន់ទ្រនាប់ភាគខាងលិច នៃខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹងផ្នែកយោធា។

អ្នកនាំពាក្យលោក Vedant Patel នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា៖«ការបាញ់ផ្លោងកាំភ្លើងធំទៅកាន់តំបន់ទ្រនាប់ភាគខាងកើត និងភាគខាងលិច គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត នៃកិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា ហើយយើងជំរុញយ៉ាងមុតមាំឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះការបង្កហេតុបន្តរបស់កូរ៉េខាងជើង គឺជាសកម្មភាពដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និង សហគមន៍អន្តរជាតិ»។ លោកបន្ថែមថា៖«ដូច្នេះជាថ្មីម្តងទៀត យើងកំពុងឃើញរឿងនេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍នេះ។ យើងដឹងអំពីរបាយការណ៍ទាំងនេះ ហើយយើងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពបង្កហេតុ និងការគំរាមកំហែង»។
ការបាញ់គ្រាប់កាំភ្លើងធំចុងក្រោយនេះ បានកើតឡើងរយៈពេល ៩ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំរាប់រយគ្រាប់ ចូលទៅក្នុងតំបន់ការពារយោធាកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ ក្រុងព្យុងយ៉ាងក៏បានធ្វើការសាកល្បងមីស៊ីលផ្លោងចំនួន ៨ គ្រាប់ផងដែរ ចាប់តាំងពីចុងខែមុន។ លោក Vedant Patel បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងចូលរួមក្នុងកិច្ចសន្ទនា ដោយបាននិយាយថា៖«យើងបន្តជឿជាក់ និងបើកចំហចំពោះការសន្ទនាដោយគ្មានលក្ខខណ្ឌជាមុនជាមួយកូរ៉េខាងជើង ដូចដែលវាទាក់ទងទៅនឹងគោលដៅចុងក្រោយរបស់យើងនៅទីនេះ ដែលជាការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ»៕


អត្ថបទ៖ លីដា
ប្រភព៖ Korea Herald
- Share This Post:






