កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យអ្នកដំណើរមកពីជប៉ុន អាចចូលប្រទេសរបស់ខ្លួនដោយគ្មានទិដ្ឋាការ ចាប់ពីដើមខែវិច្ឆិកាតទៅ
- BY
- autoadmin
- October 19, 2022
កូរ៉េខាងត្បូងបាននិយាយថា ភ្ញៀវដែលមកពីប្រទេសជប៉ុននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរបស់ខ្លួន ដោយមិនចាំបាច់មានទិដ្ឋាការនោះឡើយ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធថា ការលើកលែងទិដ្ឋាការនឹងត្រូវបានស្ដារឡើងវិញឱ្យបានពេញលេញ សម្រាប់ប្រទេស និងតំបន់ចំនួន ៨ ដែលធ្លាប់ត្រូវបានផ្អាកការលើកលែង ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 និងជាវិធានការសម្រាប់ការពារពីគ្រប់ភាគី។ កន្លងមកភាគីកូរ៉េខាងត្បូងគ្រាន់តែដាក់ការលើកលែងទិដ្ឋាការ ដើម្បីជំរុញភ្ញៀវទេសចរឡើងវិញប៉ុណ្ណោះ ហើយក៏មានពេលកំពត់របស់វាផងដែរ។

រំលឹកផងដែរថា ការធ្វើដំណើរដោយគ្មានទិដ្ឋាការពីប្រទេសជប៉ុនទៅកូរ៉េខាងត្បូងត្រូវបានផ្អាក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែការផ្អាកនេះ ត្រូវបានដកចេញក្នុងរយៈពេលមានកំណត់ នៅកំឡុងដើមខែសីហាឆ្នាំនេះ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។ ការលើកលែងដើម្បីជំរុញភ្ញៀវទេសចរនេះ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែវានឹងត្រូវបន្ដពន្យារដល់ថ្ងៃទី៣១ ខែតុលា។ ដូច្នេះមានន័យថា ការលើកលែងទិដ្ឋាការពេញលេញដែលគ្មានកាលកំណត់ នឹងត្រូវចូលជាធរមានបន្ទាប់ពីការពន្យារពេលនេះចប់។
ចំណែកភាគីប្រទេសជប៉ុន ក៏បានណែនាំឡើងវិញនូវកម្មវិធីលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវមកពីកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១១ ខែតុលា នេះតទៅផងដែរ។ អ្នកធ្វើដំណើរទៅ និងមកពីប្រទេសទាំង ២ នឹងត្រូវបានអនុញ្ញាតឱ្យចូលដោយគ្មានទិដ្ឋាការជាលើកដំបូង ក្នុងរយៈពេលប្រហែល ២ឆ្នាំ ៧ខែ។ ជើងហោះហើររវាងអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ និងអាកាសយានដ្ឋាន Gimpo ទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងដល់ ៥៦ ជើងហោះហើរក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






