អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសច្បាប់អាជ្ញាសឹកលើតំបន់ទាំង ៤ ដែលខ្លួនទើបតែកាត់យកពីអ៊ុយក្រែនថ្មីៗនេះ

BY
autoadmin
October 20, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាន​ប្រកាស​ច្បាប់អាជ្ញាសឹកទៅក្នុងតំបន់អ៊ុយក្រែនចំនួន ៤ ដែលគាត់បានដាក់បញ្ចូលកាលពីខែមុន ដែលមានដូចជាតំបន់៖ Donetsk, Kherson, Luhansk និង Zaporizhzhia ។ លោក ពូទីន បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់គាត់ថា វាចាំបាច់ដើម្បីផ្តល់អំណាចបន្ថែមទៀត ដល់សម្ព័ន្ធមិត្តរបស់គាត់នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរដែលគាំទ្រដោយរុស្ស៊ី អាចធ្វើការដាក់បម្រាមគោចរ រឹបអូសទ្រព្យសម្បត្តិ និងរឹតបន្តឹងការធ្វើដំណើរ និងការប្រមូលផ្តុំសាធារណៈនានា។

ជម្រាបផងដែរថា តំបន់ទាំង ៤ ត្រូវបានរុស្ស៊ីដាក់បញ្ចូលបន្ទាប់ពីការបោះឆ្នោតប្រជាមតិ ប៉ុន្តែជាក់ស្ដែងលោក ពូទីន មិនទាន់អាចគ្រប់គ្រងតំបន់ទាំងនោះបានទេ ដោយសារការតស៊ូយ៉ាងខ្លាំងក្លាពីសំណាក់អ៊ុយក្រែន។

លោក ពូទីន បាននិយាយថា៖«យើងកំពុងធ្វើការដើម្បីដោះស្រាយកិច្ចការដ៏លំបាក និងទ្រង់ទ្រាយធំ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់រុស្ស៊ីនាពេលអនាគត ដើម្បីការពារប្រជាជនរបស់យើង»។ គាត់បាននិយាយថា «ប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល» ត្រូវតែរៀបចំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសង្រ្គាមនេះ។ អាជ្ញាធរដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Kherson បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងជនស៊ីវិល ដើម្បីបញ្ចៀសការវាយប្រហារ។ ពួកគេចង់តាំងលំនៅថ្មីឱ្យពលរដ្ឋរហូតដល់ ៦០,០០០ នាក់។ ចំណែកភាគីអ៊ុយក្រែនបាននិយាយថា ច្បាប់អាជ្ញាសឹកនេះនឹងមិនផ្លាស់ប្ដូរអ្វីនោះទេ ព្រោះពួកគេនឹងបន្ដរំដោះទឹកដីរបស់ពួកគេមកវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ NewYork Times

Share This Post: