ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបានរកឃើញករណីទី២ នៃជំងឺអុតស្វាត Monkeypox ពីអ្នកដំណើរត្រឡប់មកពីទីក្រុងឌូបៃ

    BY autoadmin October 20, 2022
    វៀតណាមបានរកឃើញករណីទី២ នៃជំងឺអុតស្វាត Monkeypox ពីអ្នកដំណើរត្រឡប់មកពីទីក្រុងឌូបៃ

    នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ត្រីម្នាក់ដែលត្រឡប់មកពីទីក្រុងឌូបៃ ត្រូវបានគេធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺអុតស្វា Monkeypox ដែលធ្វើឱ្យគាត់ក្លាយជាករណីទី២ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។ ស្ត្រីម្នាក់នោះមានអាយុ ៣៨ឆ្នាំ មកពីខេត្ត Tuyen Quang ភាគខាងជើង និងបានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ហើយមានរោគសញ្ញាដូចជាគ្រុនក្តៅ ចង្អោរ និងពងបែក តាំងពីថ្ងៃទី១១ ខែតុលា។ គាត់ និង​អ្នក​​ជំងឺអុតស្វាដំបូងរបស់វៀតណាម គឺជាមិត្តនឹងគ្នា ហើយពួកគេបាន​ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុង​កន្លែង​ស្នាក់​នៅ​តែ​មួយ​ក្នុង​ទីក្រុង​ឌូបៃ។

    អាជ្ញាធរ និងក្រុមគ្រូពេទ្យនៅអាកាសយានដ្ឋាន Tan Son Nhat បានយកស្ត្រីនោះទៅដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីគាត់មកដល់អាកាសយានដ្ឋានដើម្បីធ្វើតេស្ត។ បន្ទាប់មកគាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យក្រុងហូជីមិញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ ទីក្រុងហូជីមិញក៏នឹងបន្តតាមដានអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាល ខណៈយន្ដហោះដែលគាត់បានជិះត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។ អ្នកជំងឺបានធ្វើតេស្ដ PCR និងបានរកឃើញថាវិជ្ជមានជាមួយជំងឺអុតស្វា នៅថ្ងៃទី១៩ ខែតុលា។

    គួរឱ្យដឹងដែរថា មនុស្សជាង ៥៧,០០០ នាក់ ត្រូវបានបញ្ជាក់ថា បានកើតជំងឺអុតស្វានៅទូទាំងប្រទេស និងដែនដីចំនួន ៩២ នៅក្នុងពិភពលោក ហើយក្នុងនោះមានអ្នកជំងឺចំនួន ២២ នាក់បានស្លាប់ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា។ កន្លងមក អង្គការសុខភាពពិភពលោក ក៏បានហៅការផ្ទុះឡើងនៃជំងឺអុតស្វាថាជា «អាសន្នសុខភាពជាសាកល» ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: