បុរសម្នាក់សម្លាប់ខ្លួនភ្លាម ក្រោយដឹងថានារីដែលគាត់ញ៉ែតាមទូរស័ព្ទ ជាមនុស្សពិការភ្នែក
បុរសម្នាក់អាយុ ២៨ឆ្នាំ មកពីខេត្ត Kalimantan Barat ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្ដយកជីវិតខ្លួនឯងកាលពីថ្ងៃច័ន្ទ ទី២៤ ខែធ្នូ ដោយសារតែគាត់មានការខកចិត្តបន្ទាប់ពីដឹងការពិតដែលនារីដែលគាត់ចង់រៀបការជាមួយជាមនុស្សពិការភ្នែក។ គ្រួសាររបស់គាត់ត្រូវបានមន្ត្រីប៉ូលីសឱ្យដំណឹងពីហេតុការណ៍អកុសលនេះ ដោយសាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញ និងត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសមូលដ្ឋានក្នុងតំបន់នោះ។ ជនរងគ្រោះត្រូវបានគេឱ្យដឹងមកថា គាត់មិនដែលបានជួបនឹងនារីដែលគាត់ជាប់ស្នេហ៍នោះទេ ហើយបើយោងតាមកាសែត Tribun News ឱ្យដឹងថា លោកបានទទួលលេខទូរស័ព្ទរបស់នារីនេះពីឪពុកគាត់ ដោយគាត់បានទទួលលេខនារីម្នាក់នោះពីស្ថានីយ៍វិទ្យុមួយ។ ក្រោយមកជនរងគ្រោះបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ហើយចង់រៀបការជាមួយនារីនេះទៀតផង។
យោងតាមឪពុករបស់គាត់បាននិយាយថា បន្ទាប់ពីណាត់ជួបនារីនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់មិនដែលគិតថានារីដែលគាត់តែងតែសារសងជាមួយ ជាមនុស្សពិការភ្នែកទេ។ យ៉ាងណាមិញមុនពេលបញ្ចប់ជីវិតខ្លួន ជនរងគ្រោះបានទូរស័ព្ទទៅបងប្រុសរបស់គាត់ ហើយបានប្រាប់បងប្រុសគាត់ថា គាត់បានសម្រេចចិត្តមិនរៀបការជាមួយនាង ដោយនឹងធ្វើអត្តឃាតជំនួសវិញ។ បន្ទាប់មកជនរងគ្រោះក៏បានបិទទូរស័ព្ទរបស់គាត់ ទើបមិនមានអ្នកណាអាចទាក់ទងមកគាត់បាន។ យ៉ាងណាមិញក្រុមគ្រួសាររបស់គាត់ក៏បានតាមស្វែងរកគាត់ដែរបន្ទាប់ពីគាត់បិទទូរស័ព្ទ ប៉ុន្តែមិនទទួលដំណឹងអ្វីសោះ ទើបក្រោយមកពួកគាត់ក៏បានដឹងដំណឹងពីមន្ត្រីប៉ូលីសដែលប្រាប់ថា កូនប្រុសរបស់គាត់បានស្លាប់ទៅហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz