ទេសចរជនជាតិវៀតណាមស្លាប់ ៤នាក់ និងរបួសធ្ងន់ជាច្រើននាក់ ក្នុងការបំផ្ទុះគ្រាប់បែកមួយនៅអេហ្ស៊ីប
ក្រុមមន្ត្រីបានឱ្យដឹងថា អ្នកទេសចរវៀតណាមចំនួន ៣នាក់ និងមគ្គទ្ទេសក៍អេហ្ស៊ីបម្នាក់ត្រូវបានស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែធ្នូ នៅពេលដែលមានការបំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយបានផ្ទុះប៉ះរថយន្តក្រុងរបស់ពួកគេស្របពេលដែលពយគេកំពុងធ្វើដំណើរតាមផ្លូវជិត រ៉ាមីតជីហ្សា ខាងក្រៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញាសាធារណៈបាននិយាយថា អ្នកទេសចរណ៍ ១១នាក់ ផ្សេងដែលមកពីប្រទេសវៀតណាមដូចគ្នា និងអ្នកបើកបរឡានក្រុងអេហ្ស៊ីបម្នាក់ក៏ត្រូវបានរងរបួសផងដែរក្នុងហេតុការណ៍ផ្ទុះនេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ឡានក្រុងនេះបានដឹកមនុស្សសរុបចំនួន ១៦នាក់ ក្នុងនោះមានអ្នកទេសចរវៀតណាម ១៤នាក់ អ្នកបើកបរ និងមគ្គទ្ទេសក៍ទេសចរណ៍ជាជនជាតិអេហ្ស៊ីប ២នាក់។
មន្ត្រីសន្តិសុខប្រដាប់អាវុធ បានដាក់ពង្រាយកម្លាំងភ្លាមទៅកាន់តំបន់នោះ ហើយបានបិទទ្វារតំបន់នោះដើម្បីធ្វើការត្រួតពិនិត្យ។ នាយករដ្ឋមន្ត្រីលោក Mostafa Madbouli បានទៅទស្សនាភ្ញៀវទេសចរដែលរងរបួសនៅក្នុងមន្ទីរពេទ្យ ហើយលោកបានប្រកាសថា មគ្គទ្ទេសក៍ទេសចរណ៍ពេលនេះក៏បានស្លាប់ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក។ លោក Madbouli ក៏បានទទូចថា «គ្មានប្រទេសណាមួយនៅក្នុងពិភពលោកអាចធានានូវសុវត្ថិភាព ១០០ភាគរយនោះទេ» «វាអាចកើតឡើងនៅពេលដែលមានឧបទ្ទវហេតុបុគ្គលណាមួយកើតឡើងនៅទីនេះ ឬនៅទីនោះ» ។ យ៉ាងណាមិញមិនមានការអះអាងណាមួយអំពីនរណាជាអ្នកទទួលខុសត្រូវជាបន្ទាន់ចំពោះការផ្ទុះនោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia