កុំច្រឡំថាកំប៉ុងតែគុជ! ចិនទើបតែបញ្ចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស្រូបចូលមាត់ជំនាន់ថ្មី និងដំបូងបំផុតក្នុងពិភពលោក
ទីក្រុងសៀងហៃកាលពីថ្ងៃពុធ បានក្លាយជាទីតាំងដំបូងគេបំផុតនៅក្នុងពិភពលោក ដែលចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស្រូបចូលក្នុងមាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ។ វ៉ាក់សាំងនេះត្រូវបានផ្តល់ក្នុងទម្រង់ ជាចំហាយស្រូបចូលទៅក្នុងមាត់ និងអាចរកបានដោយមិនគិតថ្លៃ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងសៀងហៃ បើទោះបីជាវ៉ាក់សាំងមួយនេះ ទើបតែត្រូវបានគេប្រើប្រាស់ជាវ៉ាក់សាំងជំរុញ (Booster) សិនប៉ុណ្ណោះ។ មន្ត្រីចិនក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីដំណើរការនៃការប្រើប្រាស់វ៉ាក់សាំង រួមទាំងអ្វីដែលហាក់ដូចជា ក្រុមមនុស្សកំពុងកាន់កំប៉ុងម៉្យាង ហើយស្រូបវាចូលទៅក្នុងមាត់របស់ពួកគេ។ ដំណើរការនេះប្រើពេលប្រមាណ ២០ វិនាទី ប៉ុណ្ណោះ។

វ៉ាក់សាំងប្រភេទថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញដោយមន្ត្រីចិន ដើម្បីការសាកល្បង និងធ្វើឱ្យការចាក់វ៉ាក់សាំង «មិនប្រើប្រាស់ម្ជុល» កាន់តែមានភាពទូលំទូលាយសម្រាប់សាធារណជន។ វាកើតឡើងនៅពេលដែលប្រទេសនេះ នៅតែស្ថិតក្រោមការរឹតត្បឹតដ៏តឹងរ៉ឹងចំពោះជំងឺ COVID-19 ដែលជាផ្នែកមួយនៃគោលនយោបាយ «Zero-COVID» របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ជម្រាបដែរថា ប្រទេសចិនគឺជាប្រទេសតែមួយគត់ ដែលមានវ៉ាក់សាំងប្រភេទស្រូបចូលមាត់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែ AP បាននិយាយថា ម៉ាឡេស៊ីនឹងដាក់ការសាកល្បងព្យាបាលក្នុងពេលឆាប់ៗនេះ ដើម្បីកំណត់ពីប្រសិទ្ធភាពរបស់វា ជាមួយនឹងសក្តានុពលសម្រាប់ប្រទេសផ្សេងទៀតអាចអនុវត្តតាមបាន៕



អត្ថបទ៖ លីដា
ប្រភព៖ Associated Press