ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជៀសមិនរួចទៀតទេ, ក្រុមហ៊ុន Apple បញ្ជាក់ថា ខ្លួននឹងប្ដូរមកប្រើប្រាស់រន្ធសាក USB-C តាមការដាក់កំហិតរបស់សហភាពអឺរ៉ុប

    BY Khmernote Media October 27, 2022
    ជៀសមិនរួចទៀតទេ, ក្រុមហ៊ុន Apple បញ្ជាក់ថា ខ្លួននឹងប្ដូរមកប្រើប្រាស់រន្ធសាក USB-C តាមការដាក់កំហិតរបស់សហភាពអឺរ៉ុប

    កាលពីប៉ុន្មានរយៈមុន សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យផលិតផលអេឡិចត្រូនិកដែលនាំទៅតំបន់អឺរ៉ុបទាំងអស់ ត្រូវតែងាកមកប្រើប្រាស់រន្ធសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ ហើយច្បាស់ណាស់ថា ការកំណត់បែបនោះ នឹងប៉ះពាល់ជាងគេដល់ក្រុមហ៊ុន Apple ពិសេសគឺទូរសព្ទ iPhone។ ជាក់ស្ដែងឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ហើយថា ទូរសព្ទ iPhone របស់ខ្លួន នឹងត្រូវប្រើប្រាស់រន្ធសាកប្រភេទ USB-C ព្រោះថា វាមិនអាចជៀសរួចនោះទេ។ ថ្លែងនៅក្នុងសន្និសីទ Tech Live របស់កាសែត The Wall Street Journal នៅសប្តាហ៍នេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់ Apple គឺលោក Greg Joswiak បានអះអាងថា ក្រុមហ៊ុន Apple នឹងត្រូវតែអនុវត្តតាមការដាក់កំហិតរបស់សមាជិកសភាអឺរ៉ុប។

    ច្បាប់ថ្មីនេះត្រូវបានអនុម័តនៅសភាអឺរ៉ុបនាពេលថ្មីៗនេះ ដែលនឹងតម្រូវឱ្យទូរសព្ទចល័ត ថេប្លេត និងកាមេរ៉ាទាំងអស់ ដែលលក់ក្នុងប្រទេសសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាក USB-C នៅត្រឹមចុងឆ្នាំ២០២៤ ខណៈកុំព្យូទ័រយួរដៃ គឺអាចអូសបន្លាយដល់ពាក់កណ្តាលឆ្នាំ២០២៦។ ការផ្លាស់ប្ដូរនេះ គឺមានគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យធ្វើការជ្រើសរើសប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតភាគច្រើនបានផ្លាស់ប្តូររន្ធសាកឧបករណ៍ចល័តរបស់ពួកគេ ទៅជាប្រភេទ USB-C ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែ Apple ដែលនៅតែប្រើប្រាស់រន្ធសាក lightning សម្រាប់ទូរស័ព្ទ iPhone។ យ៉ាងណា គេក៏សង្កេតឃើញថា iPad ជំនាន់បច្ចុប្បន្នទាំងអស់របស់ Apple ត្រូវបានអាប់ដេត ប៉ុន្តែត្រកូល iPhone 14 ដែលទើបនឹងចេញថ្មីៗនេះ នៅតែប្រើរន្ធសាក lightning ដែលជារន្ធសាកប្រចាំត្រកូលរបស់ខ្លួន ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Hype Beast

    Share This Post: