សួនកម្សាន្ដ Disneyland របស់ទីក្រុងសៀងហៃត្រូវបានបិទទ្វារសាជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19
- BY
- autoadmin
- November 1, 2022
សួនកម្សាន្ដ សៀងហៃឌីស្នី (Shanghai Disney Resort) បានប្រកាសថា ខ្លួនបានបិទទ្វារជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19។ យ៉ាងណាក៏ដោយ ប្រតិបត្តិករមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយ ថាតើអ្នកឆ្លងជំងឺ COVID-19 ពិតជាបានទៅលេងសួនកម្សាន្ដនេះ ឬអត់ទេ។ ប៉ុន្តែមន្ត្រីរបស់ទីក្រុងសៀងហៃបាននិយាយថា ស្ត្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទ បានទៅលេងនៅ Disneyland ពិតមែន។ មន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលនៅសួនកម្សាន្ដកំឡុងពេលនៃការប្រកាសនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ លុះត្រាតែពួកគេធ្វើតេស្ត PCR រួចរាល់។

សួនកម្សាន្ដនេះបានប្រារព្ធពិធីបុណ្យ Halloween តាំងពីថ្ងៃសុក្រ ប៉ុន្តែវាបាននិយាយថា ខ្លួនបានផ្អាកការកម្សាន្ដមួយចំនួនចាប់ពីថ្ងៃសៅរ៍មកម្ល៉េះ ដើម្បីកាត់បន្ថយចំនួនបុគ្គលិក។ រំលឹកដែរថា សួនកម្សាន្ដ Disneyland នៅសៀងហៃ ធ្លាប់បានបិទកាលពីឆ្នាំមុន បន្ទាប់ពីអ្នកទស្សនាម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកជំងឺ COVID-19។ វាក៏ត្រូវបានបិទនៅក្នុងខែមីនាឆ្នាំនេះផងដែរ ដោយសារទីក្រុងសៀងហៃបានមើលឃើញពីការឆ្លងថ្មីយ៉ាងច្រើន ហើយក៏បានបិទអស់រយៈពេល ៣ខែ ក្រោយមក។ គួរឱ្យដឹងដែរថា ប្រទេសចិនតែងតែរក្សាវិធានការតឹងរ៉ឹង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្រោមគោលនយោបាយ «zero-COVID» របស់ខ្លួន៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






