ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីរងទុក្ខដោយសាររលកយក្សស៊ូណាមិ ឥលូវឥណ្ឌូណេស៊ីត្រូវមកជួបព្យុះកំបុតត្បូងថែមទៀត (មានវីដេអូ)

    BY autoadmin January 2, 2019
    អស់ពីរងទុក្ខដោយសាររលកយក្សស៊ូណាមិ ឥលូវឥណ្ឌូណេស៊ីត្រូវមកជួបព្យុះកំបុតត្បូងថែមទៀត (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ រយៈពេលជាងមួយសបា្ដហ៍បន្ទាប់ពីច្រាំងសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្សយ៉ាងតិច ៤៣០នាក់ កាលពីថ្ងៃទី ២២ ខែធ្នូ កន្លងទៅ។ រលកយក្សស៊ូណាមិនេះត្រូវបានគេរាយការណ៍ថា បានបង្កឡើងដោយការផ្ទុះភ្នំភ្លើង Anak Krakatau បន្ទាប់ពីបំណែកដ៏ធំមួយរបស់វាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដែលបណ្តាលឱ្យមានការរអិលបាក់ដីពីក្រោមបាតសមុទ្រ។ មិនយូរប៉ុន្មានបន្ទាប់ពីមានរលកយក្សស៊ូណាមិ រាល់ជើងហោះហើរទាំងអស់ដែលឆ្លងកាត់ទីនោះត្រូវបានប្តូរផ្លាស់ឡើងវិញ និងមិនត្រូវឱ្យមានការហោះហើរជុំវិញតំបន់គ្រោះថ្នាក់ទាំងនោះទេ។ អ្នកស្រុកនៅទីនោះក៏ត្រូវបានគេណែនាំឱ្យចាកចេញពីតំបន់ឆ្នេរ ក្នុងករណីដែលរលកយក្សស៊ូណាមិអាចកើតឡើងម្តងទៀត។

    ស្របពេលដែលឥណ្ឌូណេស៊ីកំពុងស្ថិតនៅក្នុងការស្ថាបនាឡើងវិញ បន្ទាប់ពីសោកនាដកម្មនេះ ប្រទេសនេះត្រូវបានរងការវាយប្រហារ ដោយគ្រោះធម្មជាតិមួយផ្សេងទៀតគឺ «ព្យុះកំបុតត្បូង» ដែលបានវាយប្រហារតំបន់ Panguragan ក្រុង Cirebon រដ្ឋចាវ៉ាខាងលិច។ យោងតាមកាសែត Jakarta Post បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ហើយផ្ទះចំនួន ១៦៥ខ្នង បានរងការខូចខាត។ វីដេអូ និងរូបថតនៃឧប្បត្តិហេតុដ៏គួរឱ្យភ័យខ្លាចនេះបានចាប់ផ្តើមលេចឡើងនៅលើបណ្តាញសង្គម ចំណែកផលប៉ះពាល់របស់ព្យុះកំបុតត្បូងនេះ កំពុងត្រូវបានសិក្សាដោយភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ី (BNPB) ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ worldofbuzz

    Share This Post: