អ្នកចូលចិត្តគេងផ្អៀងខ្លួនពេលលេងទូរស័ព្ទគួរតែប្តូរទម្លាប់ចេញ ប្រយ័ត្នមានអាការដូចបុរសម្នាក់នេះ
និយាយឱ្យត្រង់គ្រប់គ្នាតែងតែធ្វើបែបនេះ ដោយយើងភាគច្រើនយើងប្រហែលជាប្រើស្មាតហ្វូនខណៈដែលយើងកំពុងដេកផ្អៀងខ្លួនលើសាឡុង ឬនៅគ្រប់ទីកន្លែង។ ការធ្វើបែបនេះគឺពិតជាមិនល្អសម្រាប់ខ្នងរបស់យើងនោះទេ ហើយវាប៉ះពាល់ដល់ឆ្អឹងកងរបស់យើងទៀតផង។ ក្នុងនោះបុរសជនជាតិចិនម្នាក់ ឈ្មោះ លី អាយុ ៣៩ឆ្នាំ មកពីខេត្ត Jiangsu មានការពិបាកដកដង្ហើមក្រោយពេលងើបពីសម្រាក។ ដោយផ្អែកលើរបាយការណ៍មួយដោយទូរទស្សន៍ TVBS បានឱ្យដឹងថា បុរសម្នាក់នេះគឺមានទម្លាប់អង្គុយផ្អៀងខ្លួនលើសាឡុង ខណៈពេលកំពុងលេងទូរស័ព្ទរបស់គាត់អស់ពេលជាច្រើនម៉ោងក្នុងរៀងរាល់ពេល។ ការដែលគាត់មានទម្លាប់បែបនេះរៀងរាល់ពេល វាបានធ្វើឱ្យឆ្អឹងកងរបស់គាត់មានបញ្ហា និងមានសម្ពាធធ្ងន់ធ្ងរ។
លោក លី ត្រូវបានគេឱ្យដឹងថា ជាមនុស្សដែលតែងតែនៅជាមួយទូរស័ព្ទដៃជានិច្ច ហើយមានតែពេលចូលគេងប៉ុណ្ណោះ ដែលគាត់នឹងសម្រាកពីការលេងទូរស័ព្ទនេះ។ ថ្ងៃមួយក្រោយគាត់ងើបពីគេង គាត់មានការពិបាកក្នុងការដកដង្ហើមជាខ្លាំង ភ្លាមនោះគាត់បានប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ក្រោយចប់ការថតឆ្អឹងខ្នងរបស់គាត់ វេជ្ជបណ្ឌិតបាននិយាយថា បញ្ហានេះត្រូវបានបង្កឡើងដោយឥរិយាបថមិនល្អរយៈពេលយូររបស់គាត់ ដែលវាបានបណ្តាលឱ្យមានការប៉ះពាល់ និងធ្វើឱ្យមានសម្ពាធដល់ខួរឆ្អឹងខ្នងរបស់គាត់។
លោកវេជ្ជបណ្ឌិតដែលបានព្យាបាលគាត់ក៏បានបន្តថា៖ «វាជាសំណាងដែលគាត់បានរកឃើញបញ្ហានេះទាន់ពេល បើមិនដូច្នេះទេគាត់អាចនឹងត្រូវធ្លាក់ខ្លួនពិការនាពេលអនាគត»។ យ៉ាងណាមិញដើម្បីជៀសវាងបញ្ហានេះ វេជ្ជបណ្ឌិតបានណែនាំថា មិនគួរមើលទូរស័ព្ទដោយឱនក្បាលចុះក្រោមលើសពី ៦០ដឺក្រេ នោះទេ! ការធ្វើបែបនេះគឺស្មើនឹងការដាក់សម្ពាធ ២៧គីឡូក្រាមទៅលើ ក និងឆ្អឹងខ្នងរបស់ពួកគេ។ ហើយត្រូវតែអង្គុយ ឬសម្រាកក្នុងឥរិយាបថដែលសមរម្យ៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz