ខឹងប្តីងាកផឹកស៊ី ងាកផឹកស៊ីពេក ទ្រាំលែងបានប្រពន្ធស្វាគមន៍ប្តីត្រលប់ពីផឹកស៊ីវិញ ដោយចាក់ជាច្រើនកាំបិតរបួសពេញខ្លួន
ហ្វីលីពីន៖ បុរសម្នាក់នេះគឺអ្នកបើកម៉ូតូនៅ ទីក្រុង Zamboanga ប្រទេសហ្វីលីពីន ហើយគាត់គឺមានទម្លាប់អាក្រក់មួយដោយតែងតែទៅផឹកស្រវឹងជាមួយមិត្តភក្តិរបស់គាត់ ហេតុនេះហើយទើបធ្វើឱ្យប្រពន្ធរបស់គាត់ខឹងបែបនេះ។ យោងតាមព័ត៌មានរបស់ ABS-CBN បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ ទី២ ខែមករា គាត់បានចេញទៅផឹកសុីជាមួយមិត្តរបស់គាត់ដូចរាល់ដង ទោះបីប្រពន្ធគាត់ឈឺ និងបានប្រាប់គាត់ឱ្យត្រលប់មកផ្ទះវិញក៏ដោយ។ ក្រោយផឹកសុីឆ្អែតហើយ បុរសជាប្តីក៏ត្រឡប់មកផ្ទះវិញ ដែលពេលនោះហើយ ស្ត្រីជាភរិយាបានទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅដោយយកកាំបិតចាក់ទៅលើបុរសជាប្តីជាច្រើនកន្លែង ដែលធ្វើឱ្យគាត់រងរបួសធ្ងន់ធ្ងរ។
យ៉ាងណាមិញគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាល ហើយឥឡូវនេះគាត់ស្ថិតក្នុងស្ថានភាពមានប្រសើរឡើងវិញខ្លះហើយ។ ប៉ូលីសបានស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយបានឃុំខ្លួនភរិយារបស់គាត់ ប៉ុន្តែនៅពេលដែលបុរសជាប្តីបានលឺពីដំណឹងនេះ ប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានប្រញាប់ទៅប៉ុស្តិ៍ប៉ូលីស ដោយគាត់បានស្នើសុំអាជ្ញាធរកុំឱ្យប្រពន្ធរបស់គាត់ជាប់គុក ហើយទទួលស្គាល់ថានេះគឺជាកំហុសរបស់គាត់ទៅវិញ។ បុរសជាស្វាមីបានស្នើសុំការអភ័យទោសពីស្ត្រីជាប្រពន្ធ ខណៈដែលគាត់មិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងភរិយារបស់គាត់ទេ។ ជាក់ស្តែងគាត់ក៏បានសន្យានឹងប្រពន្ធរបស់គាត់ថា គាត់នឹងព្យាយាមមិនឱ្យស្រវឹងជាមួយមិត្តរបស់គាត់ទៀតទេ! សង្ឃឹមថាគាត់អាចរក្សាការសន្យារបស់គាត់បានទៅចុះ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz