ប្រទេសចិនកំពុងមានការព្រួយបារម្ភ ដោយសារអត្រាកំណើតក្នុងប្រទេសកាន់តែថយចុះជាលំដាប់
ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអត្រាកំណើតសម្រាប់ ឆ្នាំ២០១៨ ទោះបីជារដ្ឋាភិបាលខិតខំប្រឹងប្រែងជំរុញឱ្យមានកំណើនកុមារតាមរយៈផែនការគ្រប់គ្រងប្រជាជនយ៉ាងណាក៏ដោយ។ យោងតាមកាសែត Global Times បានឱ្យដឹងថា តួលេខចុងក្រោយសម្រាប់កំណើតនៅ ឆ្នាំ២០១៨ បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ក្រោម ១៥លាននាក់។
លោក Yi Fuxian ដែលជាអ្នករិះគន់គោលនយោបាយផែនការគ្រួសារ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wisconsin-Madison រួមជាមួយ លោក Su Jian អ្នកសេដ្ឋកិច្ចម្នាក់នៅសាកលវិទ្យាល័យប៉េកាំង ធ្លាប់បានសរសេរលើសំបុត្រមួយដែលផ្ញើឱ្យ SCMP ថា៖ «ឆ្នាំ២០១៨ នឹងត្រូវបានគេចងចាំថាជាចំណុចរបត់ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជនចិន ចំនួនប្រជាជនចិនបានចាប់ផ្តើមធ្លាក់ចុះ បញ្ហាចាស់ជរាបានកើនឡើង ហើយកម្លាំងសេដ្ឋកិច្ចក៏បានចុះខ្សោយ» ប្រជាជាតិដ៏អស្ចារ្យមួយដែលធ្លាប់មានស្ទើរតែ ១ ភាគ ៣ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក កំពុងថយចុះជាបណ្តើរៗទៅជាក្រុមតូចមួយ ហើយកាន់តែចុះខ្សោយដោយសារគោលនយោបាយខុស។
សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande លោក Ren Zeping ក៏បានថ្លែងនៅក្នុងកំណត់ត្រាមួយថា៖ «ប្រទេសចិនត្រូវតែបញ្ឈប់ការគ្រប់គ្រងកូនភ្លាម និងលើកទឹកចិត្តឱ្យប្រជាជនមានកូនឱ្យបានច្រើន»។ លោកបានបន្ថែមថា ប្រទេសចិនកំពុងដើរចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីគោលនយោបាយគ្រួសារ១ អាចមានកូនបានតែ២នាក់ របស់ខ្លួនមិនបានជួយបង្កើនអត្រាកំណើតនៅក្នុងប្រទេស។ ប្រទេសចិនបានមើលឃើញនូវភាពជឿនលឿនធំធេងក្នុងអត្រាកំណើតរបស់ខ្លួនចាប់ពី ១៦.៥៥លាននាក់ នៅឆ្នាំ២០១៥ ដល់ ១៧.៨៦លាននាក់ក្នុង ឆ្នាំ២០១៦ បន្ទាប់ពីជំរុញឱ្យមានគោលនយោបាយកូនក្មេងនេះ ប៉ុន្តែការកើនឡើងនេះគឺមានរយៈពេលខ្លី ដោយ ឆ្នាំ២០១៧ តួលេខនេះបានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៧.២៣លាន៕


អត្ថបទ៖ លីដា
ប្រភព៖ nextshark