អន្តរជាតិ

រដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិករកឃើញថា ផ្សិតម្ជុលអាចមានផ្ទុកនូវបាក់តេរីម្យ៉ាងដែលអាចបង្កជាជំងឺធ្ងន់ធ្ងរសម្រាប់អ្នកទទួលទាន

BY
Pheakdey
November 19, 2022

ផ្សិតម្ជុលគឺបន្លែដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ ដ្បិតបន្លែដែលមានពណ៌សប្រភេទនេះអាចត្រូវបានគេយកទៅញ៉ាំបន្ថែមនៅក្នុងមុខម្ហូបជាច្រើនមុខបានយ៉ាងឆ្ងាញ់ពិសា។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា ផ្សិតម្ជុលអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីផ្ទុះជំងឺកាចសាហាវមួយនៅលើដឹកអាមេរិកនាពេលកន្លងមក។

បើតាមរដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកបានរកឃើញថា នៅលើផ្សិតម្ជុលដែលគេបាននាំចូលពីប្រទេសកូរ៉េខាងត្បូងសម្រាប់ដាក់លក់នៅលើទឹកដីអាមេរិកអាចផ្ទុកនូវបាក់តេរីមួយប្រភេទមានឈ្មោះថា listeria។ បាក់តេរីប្រភេទនេះអាចតោងជាប់ចំណីអាហារផ្សេងៗក្នុងរយៈរហូតដល់ ១០សប្តាហ៍ ខណៈអ្នកដែលបានប៉ះពាល់ជាមួយបាក់តេរីនេះអាចនឹងមានបញ្ហាសុខភាពផ្សេងៗក្នុងរយៈពេល ២សប្តាហ៍ក្រោយពេលបានប៉ះពាល់ជាមួយបាក់តេរី។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០ក​ន្លងទៅនៅលើទឹកអាមេរិកគឺបាក់តេរី listeria បានបង្កជាជំងឺធ្ងន់ធ្ងរចំពោះពលរដ្ឋចំនួន ៦៥នាក់ ខណៈជនរងគ្រោះចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានពន្យល់ថា មិនមែនគ្រប់ផ្សិតម្ជុលទាំងអស់សុទ្ធតែមានផ្ទុកនូវបាក់តេរីនោះទេ តែដើម្បីការពារខ្លួនពីបញ្ហាដូចបានជម្រាបជូនខាងលើនេះអ្នកទទួលទានផ្សិតម្ជុលទាំងអស់ត្រូវចេះលាងសម្អាតផ្សិតឲ្យបានស្អាតល្អ​ ឬចម្អិនវាឲ្យឆ្អិនល្អមុននឹងទទួលទាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark

Share This Post: