អន្តរជាតិ

ចិនបានរាយការណ៍ពីករណីមរណភាពដោយសារជំងឺកូវីដ១៩ជាលើកដំបូងបំផុង នៅក្នុងរយៈពេលជិតកន្លះឆ្នាំ

BY
autoadmin
November 21, 2022

ប្រទេសចិននៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានប្រកាសពីការស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូង ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹងត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីៗ។ ការស្លាប់ថ្មីនោះគឺជាបុរសអាយុ ៨៧ឆ្នាំ ដែលរស់នៅទីក្រុងប៉េកាំង ហើយបើតាមគណៈកម្មការសុខភាពជាតិចិនបានឱ្យដឹងថា គាត់គឺជាករណីស្លាប់ទី១ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំមុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ៥,២២៧ ករណី។

ខណៈដែលប្រទេសចិនមានអត្រាចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់មួយដូសសរុបជាង ៩២ ភាគរយ ចំនួននេះគឺនៅមានទាបគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៨០ឆ្នាំ។ យ៉ាងណា គណៈកម្មាការមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកស្លាប់នោះទេ។

ភាពងាយរងគ្រោះនោះត្រូវបានចាត់ទុកថាជាហេតុផលមួយ ដែលប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយ “Zero-COVID” ដ៏តឹងរឹងរបស់ខ្លួន ដែលស្វែងរកការលុបបំបាត់ការឆ្លងតាមរយៈការបិទខ្ទប់ ការដាក់ឱ្យនៅដាច់ពីគេ ការតាមដានករណី និងការធ្វើតេស្តទ្រង់ទ្រាយធំ ទោះបីជាមានផលប៉ះពាល់ដល់ជីវិតធម្មតា និង សេដ្ឋកិច្ច និងការកើនឡើងនៃកំហឹងរបស់សាធារណជនចំពោះអាជ្ញាធរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: