អន្តរជាតិ

គួរឲ្យគោរពណាស់! ទោះជាសប្បាយរីករាយជាមួយលទ្ធផលឈ្នះរបស់ក្រុមជម្រើសជាតិជប៉ុនទៅលើអាឡឺម៉ង់យ៉ាងណាក៏ដោយ តែអ្នកគាំទ្រជប៉ុននៅតែមិនភ្លេចជួយសម្អាតកីឡដ្ឋានឡើយ

BY
Khmernote Media
November 24, 2022

កាតា៖ ពលរដ្ឋជប៉ុនមួយក្រុមដែលជាអ្នកទៅទស្សនាការប្រកួតបាល់ទាល់រវាងក្រុមជម្រើសជាតិជប៉ុនលេងទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាល់ពិភពលោក (World Cup) ២០២២ នៅក្នុងប្រទេសកាតាកាលពីថ្ងៃម្សិលមិញនេះត្រូវបានគេប្រទះឃើញនាំគ្នាជួយប្រមូលសម្បកដបទឹកនិងសំរាមផ្សេងៗនៅក្រោយពេលចប់ការប្រកួត ខណៈក្រុមអ្នកទស្សនាជាច្រើនផ្សេងទៀតបាននាំដើរចេញពីកីឡដ្ឋានអស់ហើយ។ ឥរិយាបថដ៏គួរឲ្យគោរពបំផុតនេះមិនមែនកើតឡើងជាលើកទីមួយនោះទេសម្រាប់ក្រុមអ្នកគាំទ្របាល់ទាល់ជប៉ុន ដ្បិតពួកគេតែធ្វើសកម្មភាពបែបនេះជាប្រចាំ បើទោះជាការប្រកួតនោះមិនមែនជាការប្រកួតរបស់ក្រុមបាល់ទាត់ជាតិជម្រើសជាតិនៃប្រទេសជប៉ុនក៏ដោយ។

ជាក់ស្តែងកាលពីថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូង ដែលមានការប្រកួតរវាងក្រុមម្ចាស់ផ្ទះកាតាលេងទល់នឹងក្រុមជម្រើសជាតិអេក្វាឌ័រក៏គេបានប្រទះឃើញ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុននាំគ្នារើសសំរាមដើម្បីសម្អាតកីឡដ្ឋានដែរ ក្រោយការប្រកួតត្រូវបានបញ្ចប់។ គួរកត់សម្គាល់ថា នៅក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញនេះគឺក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងលទ្ធផល ២-១ ដែលជាភាពជោគជ័យដ៏កម្របំផុតនិងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់ជប៉ុនផងដែរ។ យ៉ាងណាក្តី បើទោះជាត្រូវសប្បាយរីករាយនិងត្រូវអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីមួយនេះក្នុងកម្រិតណាក៏ដោយ ក៏អ្នកគាំទ្រជប៉ុននៅតែមិនភ្លេចនាំគ្នាប្រមូលសំរាមនោះទេក្រោយពេលចប់ការប្រកួត។ គួររម្លឹកជូនថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅ ជប៉ុនធ្លាប់ទទួលបានពាននៃការកោតសរសើរថា ជាពលរដ្ឋដែលបានជួយសម្អាតកន្លែងសាធារណៈគួរឲ្យគោរពបំផុតពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: