អន្តរជាតិ

អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនអតីតកីឡាករជម្រើសជាតិ Voria Ghafouri ដែលគាំទ្រយ៉ាងបើកចំហដល់ក្រុមបាតុករអ៊ីរ៉ង់

BY
autoadmin
November 25, 2022

អាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់ខ្លួនកីឡាករបាល់ទាត់ Voria Ghafouri ដែលមានដើមកំណើតជាជនជាតិឃឺដ និងបានគាំទ្រយ៉ាងបើកចំហដល់ការតវ៉ា ដែលបានធ្វើឱ្យកក្រើកប្រទេសអ៊ីរ៉ង់ចាប់តាំងពីខែកញ្ញាមក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា លោក Voria Ghafouri ដែលធ្លាប់បានបង្ហាញខ្លួន ២៨ដង សម្រាប់ប្រទេសអ៊ីរ៉ង់រហូតដល់ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនបន្ទាប់ពីហាត់សមជាមួយក្លឹប Foolad Khuzestan ជុំវិញការចោទប្រកាន់ថា គាត់បានឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។

លោក Voria Ghafouri គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលលេចធ្លោបំផុត ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបយ៉ាងទូលំទូលាយចំពោះការតវ៉ាលើរដ្ឋាភិបាល ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រព្រឹត្តរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។ គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលកំពុងបង្ហាញខ្លួនឱ្យព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា មិនព្រមច្រៀងភ្លេងជាតិរបស់ខ្លួននោះទេ នៅកំឡុងពេលការប្រកួតបើកឆាកជាមួយនឹងអង់គ្លេស កាលពីថ្ងៃចន្ទ ដែលជាសញ្ញាគាំទ្របាតុករ ដែលកំពុងតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: