អន្តរជាតិ

ចក្រភព​អង់គ្លេសសម្រេច​បញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលដែលផលិតដោយចិន នៅ​តាមអគារ​រដ្ឋាភិបាល​របស់ខ្លួន ជុំវិញ​ការ​ភ័យ​ខ្លាច​ផ្នែក​សន្តិសុខ

BY
autoadmin
November 25, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យនាយកដ្ឋានរបស់ខ្លួនត្រូវបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលរបស់ចិន នៅតាមអគារសំខាន់ៗរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព។ រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យលោក Oliver Dowden នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភាបាននិយាយថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញពាក់ព័ន្ធនឹង «ហានិភ័យសុវត្ថិភាពដែលអាចកើតមាននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលទាក់ទងនឹងការដំឡើងប្រព័ន្ធឃ្លាំមើល នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល»។

លោក Dowden បាននិយាយថា៖«ការពិនិត្យឡើងវិញបានសន្និដ្ឋានថា ដោយសារការគំរាមកំហែងដល់ចក្រភពអង់គ្លេស និង ការបង្កើនសមត្ថភាពនិងការតភ្ជាប់នៃប្រព័ន្ធទាំងនេះ ការត្រួតពិនិត្យបន្ថែមត្រូវបានទាមទារ»។ ការសម្រេចនេះនឹងត្រូវអនុវត្តចំពោះកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនស្ថិតនៅក្រោមច្បាប់សន្តិសុខរបស់ចិន ហើយក៏រួមបញ្ចូលទាំងការណែនាំសម្រាប់នាយកដ្ឋាន ដើម្បីធ្វើការផ្តាច់ឧបករណ៍ទាំងនេះពីបណ្តាញកុំព្យូទ័រស្នូល និងពិចារណាដកវាចេញទាំងអស់។ វាកើតឡើងប៉ុន្មានខែបន្ទាប់ពីសមាជិកសភាអង់គ្លេសរាប់សិបនាក់ បានអំពាវនាវឱ្យហាមឃាត់ការលក់ និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុន Hikvision និង Dahua ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ជុំវិញការភ័យខ្លាចពាក់ព័ន្ធនឹងឯកជនភាព និងការព្រួយបារម្ភនៃផលិតផលរបស់ក្រុមហ៊ុន ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: