អន្តរជាតិ

ថៃណែនាំឲ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញ ក្រោយតួលេខអ្នកឆ្លងកូវីដ-១៩បន្តកើនឡើងគួរឲ្យកត់សម្គាល់

BY
Khmernote Media
November 26, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានឲ្យដឹងថា អាជ្ញាធរថៃបានណែនាំឲ្យប្រជាពលរដ្ឋខ្លួននាំគ្នាពាក់ម៉ាស់ឡើងវិញដើម្បីការពារការចម្លងមេរោគ ក្រោយជំងឺកូវីដ-១៩ ហាក់កំពុងផ្តើមរាតត្បាតជាថ្មីម្តងទៀត។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលកន្លងមកគឺតួលេខអ្នកឆ្លងកូវីដ-១៩ថ្មីបានកើនឡើងក្នុងចន្លោះពី ១០-២០ %។

បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពនាពេលបច្ចុប្បន្ននេះការពាក់ម៉ាស់នៅក្នុងចំណោមហ្វូងមនុស្សច្រើននិងការរក្សាអនាម័យនៅតាមទីសាធារណៈគឺជារឿងដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួនឡើងវិញ បើមិនដូចនេះទេពួកគេអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ខ្លាំងណាស់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមផងដែរថា ដើម្បីបង្កើតភាពស៊ាំទៅនឹងមេរោគនៅក្នុងសហគមន៍ឲ្យបានខ្ពស់នោះគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ពោលគឺពលរដ្ឋម្នាក់ៗត្រូវមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជម្រុញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកូវីដ-១៩ ដែលនៅជិតពួកគេបំផុតដោយមិនគិតថ្លៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: