អន្តរជាតិ
អាជ្ញាធរថៃចាប់ខ្លួនបុរសជាអ្នកផលិតថ្នាំសម្រកទម្ងន់មួយប្រភេទ ដែលបណ្តាលឲ្យអ្នកប្រើប្រាស់ ៣នាក់បាត់បង់ជីវិត
ថៃ៖ បុរសជាអ្នកផលិតនិងចែកចាយថ្នាំសម្រកទម្ងន់ម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលប្រើប្រាស់ថ្នាំសម្រកទម្ងន់របស់គាត់។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះថា Natthawa អាយុ ៥០ឆ្នាំ ខណៈការចាប់ខ្លួនរូបគាត់ត្រូវធ្វើឡើងដោយប៉ូលិសជំនាញក្រុងបាងកក ដែលបានចុះទៅដល់ខុនដូររបស់របស់គាត់តែម្តង។

ប្រភពខាងលើបានបន្តថា ថ្នាំសម្រកទម្ងន់របស់លោក Natthawa គឺជាប្រភេទថ្នាំគ្រាប់ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋថៃដែលកំពុងមានបញ្ហាឡើងទម្ងន់។ បើតាមក្រុមមន្ត្រីជំនាញផ្នែកឱសថថៃបានរកឃើញថា នៅក្នុងថ្នាំសម្រកទម្ងន់ដែលលោក Natthawa បានផលិតឡើងនោះគឺមានផ្ទុកនូវសារធាតុមួយចំនួន ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលផ្នែកឱសថនិងចំណីអាហារ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក Natthawa នឹងត្រូវទទួលទោសកម្រិតណា ឬត្រូវសងថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណានោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia