ស្ត្រីវៀតណាមម្នាក់ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ក្រោយទទួលទានពោតលីងមានជាតិកញ្ឆាដែលទិញតាមអនឡាញ
វៀតណាម៖ ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានអាការក្អួត និងវិលមុខ ក្រោយទទួលទានពោតលីងត្រឹម ២ដុំតូច ខណៈការធ្វើតេស្តបង្ហាញថា គាត់ក៏មានសារធាតុកញ្ឆា THC នៅក្នុងខ្លួនផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ទ្រុងង្វៀន (Nguyen Trung Nguyen) ប្រធាននាយកដ្ឋានគ្រប់គ្រងជាតិពុលបាននិយាយកាលពីថ្ងៃច័ន្ទថា ស្ត្រីម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដោយមានអាការរវើរវាយ។ គ្រួសាររបស់គាត់បាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីស្ត្រីនោះបានទទួលទានពោតលីងដែលកូនរបស់គាត់ទិញពីអនឡាញ គាត់ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាវិលមុខ និងក្អួត។

គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឱ្យគាត់ថា គាត់ពុលអាហារ ហើយបន្ទាប់ពីព្យាបាលរួច ឥឡូវនេះគាត់កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់។ លោក ង្វៀន បាននិយាយថា វាជាលើកទីមួយហើយ ដែលមន្ទីរពេទ្យបានទទួលករណីពុល ទាក់ទងនឹងកញ្ឆា បន្ទាប់ពីទទួលទានពោតលីង។ លោកបានបន្ថែមថា ករណីមុនៗនៃការពុលកញ្ឆា មានជាប់ពាក់ព័ន្ធនឹងអាហារ និងអាហារសម្រន់ផ្សេងទៀត ដូចជា នំខេក នំ និងស្ករគ្រាប់ជាដើម។ លោក ង្វៀន បាននិយាយថា កង្វះខាតក្នុងការគ្រប់គ្រងទំនិញតាមអនឡាញ អនុញ្ញាតឱ្យផលិតផលអាហារដែលផ្ទុកសារធាតុញៀន រីករាលដាលយ៉ាងឆាប់រហ័សនៅលើទីផ្សារ។
លោកបានបន្តថា៖«ប្រជាជនគួរតែទិញផលិតផលដែលមានប្រភពច្បាស់លាស់ និងស្លាកសញ្ញាដែលគួរឱ្យទុកចិត្តប៉ុណ្ណោះ»។ កាលពីខែមិថុនា ប៉ូលីសទីក្រុងហាណូយក៏បានរឹបអូសបាននូវប្រភេទគ្រឿងញៀនមួយចំនួន ដែលកំពុងដាក់លក់នៅលើទីផ្សារជាផលិតផលសូកូឡា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress