អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនមិនមែនជាកំហុសរបស់រុស្ស៊ីនោះទេ

BY
autoadmin
December 22, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា រុស្ស៊ីមិនគួរត្រូវបានគេស្តីបន្ទោសចំពោះសង្រ្គាមនៅអ៊ុយក្រែននោះទេ ដោយលោកបន្ថែមថា ប្រទេសទាំងពីរកំពុង «ចែករំលែកសោកនាដកម្មរួមគ្នាមួយ»។ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ លោក ពូទីន បាន​និយាយ​ថា​ លោក​​បន្ត​មើល​ឃើញ​អ៊ុយក្រែន​ជា​ «ប្រជាជាតិ​បងប្អូន» ហើយ​​ថា ជម្លោះ​នេះ​គឺ​ជា «លទ្ធផល​នៃ​គោលនយោបាយ​របស់​ប្រទេស​ទី៣»។ រំលឹកដែរថា កាល​ពី​ខែ​កុម្ភៈប្រធានាធិបតី​ ពូទីន​ បាន​បញ្ជូន​ទាហាន​រហូត​ដល់​ទៅ ​២០​ម៉ឺន​នាក់​ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ដែល​​បណ្តាល​ឱ្យមនុស្ស​រាប់​ពាន់​នាក់​ស្លាប់។

ក្នុងអំឡុងពេលសុន្ទរកថា លោកពូទីន បានអះអាងថា ប្រទេសលោកខាងលិចបាន «លាងខួរក្បាល» សាធារណរដ្ឋក្រោយសូវៀត ដោយចាប់ផ្តើមពីអ៊ុយក្រែនទៅ។ លោកបាននិយាយថា៖«អស់រយៈពេលជាច្រើនឆ្នាំនេះ យើងបានព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយប្រទេសអ៊ុយក្រែន ដោយផ្តល់ប្រាក់កម្ចី និងថាមពលក្នុងតម្លៃថោក ប៉ុន្តែវាមិនអាចទៅរួចបាន»។ លោកថា៖«អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាសោកនាដកម្ម ប៉ុន្តែវាមិនមែនជាកំហុសរបស់យើងទេ»។

ជម្រាបដែរថា ក្តីបារម្ភជាយូររបស់ប្រធានាធិបតីលោក ពូទីន គឺបានលេចឡើងដោយសារការរីកចម្រើនរបស់ណាតូ ចាប់តាំងពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។ គោលដៅដើមរបស់ណាតូគឺប្រជែងនឹងការពង្រីកខ្លួនរបស់រុស្ស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប៉ុន្តែវិមានក្រឹមឡាំងបានជំទាស់ជាយូរមកហើយថា ការទទួលយកអតីតសម្ព័ន្ធមិត្តសូវៀត ឱ្យធ្វើជាសមាជិករបស់ណាតូ គឺជាការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ ចំណែកមន្ត្រីយោធារុស្ស៊ី ក៏បានប្តេជ្ញាបន្តនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» រហូតដល់ឆ្នាំ២០២៣៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: