ប្រទេសចិននឹងបញ្ចប់ការធ្វើចត្តាឡីស័ក សម្រាប់ជនបរទេសដែលចូលមកប្រទេសរបស់ខ្លួន
- BY
- autoadmin
- December 27, 2022
ប្រទេសចិនបានប្រកាសថា តម្រូវការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរដែលចូលមកដល់ប្រទេសនេះ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ វិធានការនេះជាវិធានការចុងក្រោយបង្អស់ដែលត្រូវបានដកចេញ ខណៈដែលប្រទេសចិន បោះបង់ចោលគោលនយោបាយ zero-COVID របស់ខ្លួន។ ប្រទេសចិនកំពុងមើលឃើញពីការផ្ទុះឡើងពាក់ព័ន្ធនឹង COVID-19 ហើយក្រុមបុគ្គលិកពេទ្យបាននិយាយថា ពួកគេកំពុងតស៊ូដើម្បីដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះ ប្រធានាធិបតីលោក Xi Jinping បានជំរុញឱ្យមន្ត្រីព្យាយាមតាមដែលអាចទៅបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានដកស្រង់សម្តីគាត់បាននិយាយថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពថ្មី ដែលទាមទារឱ្យមានការឆ្លើយតបជាគោលដៅបន្ថែមទៀត។ ប្រទេសចិនបានបញ្ឈប់ការផ្សព្វផ្សាយស្ថិតិតួលេខជំងឺ COVID-19 ប៉ុន្តែគេគិតថា មនុស្សរាប់ពាន់នាក់អាចនឹងស្លាប់ជារៀងរាល់ថ្ងៃ។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសចិន ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកពីគេជាកាតព្វកិច្ច។ ប៉ុន្តែរយៈពេលត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ពីបីសប្តាហ៍ មកត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះនៅពេលបច្ចុប្បន្ន។ ក្រោមច្បាប់ថ្មីជំងឺ COVID-19 នឹងត្រូវទម្លាក់ថ្នាក់ ពីប្រភេទ A ទៅជាប្រភេទ B ដែលមានន័យថា ការដាក់ឱ្យនៅដាច់ពីគេនឹងមិនត្រូវបានអនុវត្តទៀតទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






