អ៊ុយរូហ្គាយបានរកឃើញវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងទម្រង់ថ្មីចំនួន ២ ហៅថា XBB.1 និង DL.1
- BY
- autoadmin
- December 29, 2022
ក្រសួងសុខភាពសាធារណៈរបស់អ៊ុយរូហ្គាយបាននិយាយថា អ្នកជំនាញរបស់ពួកគេបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ងអូមីក្រុង ក្នុងទម្រងថ្មីចំនួន ២ ចំពេលមានរលកនៃការឆ្លងថ្មីៗជាបន្ដបន្ទាប់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អូមីក្រុងទម្រង់ថ្មីទាំង ២ ត្រូវបានគេហៅថា XBB.1 និង DL.1 ហើយវាត្រូវបានរកឃើញដោយ នាយកដ្ឋានមន្ទីរពិសោធន៍សុខភាពសាធារណៈផ្នែករោគរាតត្បាត។ គិតមកទល់ពេលនេះ អូមីក្រុងនៅតែជាវ៉ារ្យ៉ង់ឈានមុខគេ ហើយទម្រង់របស់វាបានផ្លាស់ប្តូរទៅតាមពេលវេលា។ ក្រសួងបន្តថា សាធារណជនគួរបន្តអនុវត្តការបង្ការ និងចាក់វ៉ាក់សាំង។

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Daniel Salinas កាលពីថ្ងៃពុធក៏បានបញ្ជាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា នៅក្នុងចំណោមជំងឺ COVID-19 ក្នុងទម្រង់ផ្សេងគ្នា ដែលកំពុងមានស្រាប់នៅអ៊ុយរូហ្គាយ ក្រុមមន្ត្រីកំពុងរាប់បញ្ចូល XBB.1 និង DL.1 ជាផ្នែកមួយនៃការកើនឡើងនៃករណីបច្ចុប្បន្ននេះ។ កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ៨,២១៦ នាក់ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសនេះ ក្នុងអំឡុងថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ ដែលជាការកើនឡើង ៦% ពីសប្តាហ៍មុនមួយទៀត ខណៈមានអ្នកស្លាប់ ១០នាក់ កាលពីសប្ដាហ៍មុន៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






