អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមទៀត

BY
autoadmin
December 30, 2022

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមទៀត ដែលនាំឱ្យការជាប់ពន្ធនាគាររបស់គាត់មានសរុប ៣៣ ឆ្នាំ។ អតីត​មេដឹកនាំ​​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចាប់​តាំង​ពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​គាត់ ​ក្នុង​រដ្ឋប្រហារ​កាលពីខែ​កុម្ភៈឆ្នាំ​២០២១។ ចាប់​តាំង​ពី​ពេល​នោះ​មក លោកស្រី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ក្ដី​អស់រយៈពេល ១៨ខែ កន្លងមកនេះ លើបទ​ចោទ​ប្រកាន់​ចំនួន ១៩។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការដោះលែងលោកស្រីកាលពីសប្តាហ៍មុនផងដែរ។

នៅ​ថ្ងៃ​សុក្រនេះ លោកស្រី​ត្រូវ​បាន​កាត់​ទោស​លើ​បទ​ចោទប្រកាន់ចំនួន ៥​ ចុង​ក្រោយ ​ដែល​គាត់​បាន​ប្រឈម​មុខ។ តុលាការ​បាន​រក​ឃើញ​ថា ​គាត់​មាន​ទោស​ពី​បទ​ពុក​រលួយ ដោយ​សារ​តែ​គាត់​មិន​បាន​អនុវត្ត​តាម​បទប្បញ្ញត្តិ​ ក្នុង​ការ​ជួល​ឧទ្ធម្ភាគចក្រ​សម្រាប់​រដ្ឋមន្ត្រី​រដ្ឋាភិបាល។ គាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មចំនួន ១៤ ករណីផ្សេងៗគ្នា រួមទាំងការបំពានច្បាប់សុវត្ថិភាពសាធារណៈពាក់ព័ន្ធនឹងជំងឺ COVID-19 ការនាំចូលឧបករណ៍អាយកូម និងបំពានរឿងសម្ងាត់ផ្លូវការ។ គាត់ត្រូវបានគេកាត់ក្ដីបិទទ្វារ ដោយគ្មានសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ហើយមេធាវីរបស់គាត់ ក៏ត្រូវបានហាមឃាត់មិនឱ្យនិយាយជាមួយអ្នកកាសែតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: