ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិទាំងអស់ចាប់ពីដើមខែមករានេះទៅ
- BY
- autoadmin
- January 2, 2023
ប្រទេសម៉ារ៉ុកចាប់ផ្ដើមហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ដោយមិនគិតពីសញ្ជាតិចាប់ពីថ្ងៃអង្គារស្អែកនេះ ខណៈពេលដែលករណីជំងឺ COVID-19 កំពុងមានការកើនឡើងជាលំដាប់នៅទីនោះ។ ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«វិធានការពិសេសនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ»។

ការសម្រេចចិត្តនេះ គឺតាមពីក្រោយប្រទេសកាណាដា និងអូស្ត្រាលី ដែលតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនត្រូវធ្វើតេស្ដរកជំងឺ COVID-19 រួមទាំងហុងកុង និងម៉ាកាវ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល អេស្បាញ បារាំង ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះរួចហើយ។ ប៉ុន្តែប្រទេសម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដាក់បម្រាមទាំងស្រុង។
មុនការដាក់បំរាមនេះ ប្រទេសម៉ារ៉ុកមានទំនាក់ទំនងល្អជាមួយចិនគួរឱ្យកត់សម្គាល់ ដោយប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះឱ្យភ្ញៀវទេសចរណ៍ជាង ១៣០,០០០ នាក់ មកពីប្រទេសចិន មុនពេលជំងឺរាតត្បាតនៅក្នុងឆ្នាំ២០១៨ ដែលជាការកើនឡើងពី ១០,០០០ នាក់ ក្នុងឆ្នាំ ២០១៥។ ប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងគ្រោងនឹងដាក់កំហិតពាក់ព័ន្ធនឹងជំងឺ COVID លើការមកដល់ពីប្រទេសចិន ដោយទាមទារលទ្ធផលតេស្តអវិជ្ជមាន៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






