សង្គម
មហាជនសម្តែងការសោកស្តាយ ក្រោយឃើញចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតី មានរចនាបិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចេញ
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។

លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែងរចនាវិចិត្រចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។ កន្លែងដែលនៅជិតជាងគេគឺ ចេតិយក្នុងវត្តបទុមវតី សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។
ឥឡូវនិស្សិតមិនទាន់បានមើលផង វិនាសអន្តធានទៅហើយ ប្អូនៗអ្ហើយ! អនិច្ចា វដ្តសង្ខារា… (និស្សិតដែលសរសេរនិក្ខេបបទថ្នាក់អនុបណ្ឌិតជាមួយសាលានៅប្រទេសបារាំង អំពីចេតិយបិទផ្កាចាននៅស្រុកខ្មែរ មិនទាន់បានចប់សព្វគ្រប់ ដើម្បីតម្កល់ទុកជាឯកសារផង ក៏ទទួលអនិច្ចកម្មទៅហើយដែរ)»។
លោកគ្រូបានបន្ថែមថា «ចេតិយរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ អាយុកាល១២៣ឆ្នាំ នៅរឹងមាំខ្លាំង ស្រស់សង្ហា ឆ្លងកាត់សម័យសង្គ្រាមគេទម្លាក់គ្រាប់បែក គ្រាប់ផ្លោង តមកដល់សម័យវិនាសកម្ម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងព្យុះ ភ្លៀង ខ្យល់ ថ្ងៃក្តៅហួតហែងរាល់ថ្ង រាល់ខែ រាល់ឆ្នាំ មិនអី មកអី ក្នុងសម័យសម្បូណ៌សប្បាយឯណេះទៅវិញ គួរណាស់ទុកគ្រាន់ឱ្យសិស្ស និស្សិត និងអ្នកផងទូទៅបានមើល បានសិក្សារៀនសូត្រខ្លះពីរចនាបថសំណង់កម្រៗ ដែលជាមរតកដូនតាផង និងគោរពបុណ្យកុសលចាស់ជាន់មុនផង ហើយជាស្នាដៃកសាងដោយអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់របស់ព្រះនគរយើងផង សូមព្រះមេត្តា និងមេត្តាឱ្យតម្លៃ គោរពបុណ្យកុសលដូនតា និងរក្សាភស្តុតាងសិល្បៈប្រវត្តិសាស្ត្រខ្លះនៅតាមទីស្ថាននានាផងចុះ»៕











សង្គម
សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។

ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។

លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ ធនធាននិងកម្លាំងជាច្រើនដើម្បីជួយដល់សង្គមជាហូរហែ។ ក្រៅពីនោះ លោកជំទាវទាំង ពីររូប ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសហគ្រិនឆ្នើម និងមានពហុមុខជំនួញនៅក្នុងដៃថែមទៀតផង។

ក្នុងនោះ ក៏មានក្រុមហ៊ុន ASPOR Electronics និងក្រុមហ៊ុន Bnature ដែលទើបសហការគ្នានាំចូលផលិតផល SS3 Virgin serum ដែលជាផលិផលស្តង់ដាររបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕













សង្គម
វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។
កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕






