ឧទ្ធម្ភាគចក្រ២គ្រឿង បើកបុកគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត និង ៣នាក់របួសធ្ងន់
- BY
- autoadmin
- January 3, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានបុកគ្នានៅកណ្តាលអាកាសក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងតំបន់ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ និង ៣ នាក់ទៀត បានរបួសយ៉ាងធ្ងន់ធ្ងរ។

លោក Gary Worrell អធិការស្តីទីនៅប៉ុស្តិប៉ូលីសរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌ថា សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកន្លែងកើតហេតុភ្លាមៗ នៅក្បែរសួនកម្សាន្ត Sea World នៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងស្រុក)។ លោក Worrell បាននិយាយថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានធ្លាក់ចុះក្រោយប៉ះទង្គិចគ្នា ហើយជាលទ្ធផលមនុស្ស ៤នាក់ បានបាត់បង់ជីវិត។ ឥឡូវនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីបាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើគ្រោះថ្នាក់រួចហើយដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






