ត្រីធូណាមួយក្បាលត្រូវបានលក់ចេញក្នុងតម្លៃ ២៧០,០០០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ
- BY
- autoadmin
- January 5, 2023
ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃ ២៧០,០០០ ដុល្លារអាមេរិក នៅឯកន្លែងដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ នេះផ្ទាល់ ដែលថ្លៃជាងកំណត់ត្រាកាលពីឆ្នាំមុនដល់ទៅជិត ២ដង ឯណោះ។ ក្រុមហ៊ុន Onodera Group ដែលជាប្រតិបត្តិករភោជនីយដ្ឋានស៊ូស៊ីលំដាប់ផ្កាយ Michelin និងក្រុមហ៊ុនលក់ដុំរបស់ជប៉ុន Yamayuki បានចំណាយប្រាក់ ៣៦.០៤ លានយ៉េន (២៧៣,០០០ដុល្លារអាមេរិក) សម្រាប់ត្រីធូណាខៀវមួយក្បាល ដែលមានទម្ងន់ ២១២ គីឡូក្រាម នៅក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ។ តួលេខនេះនៅក្រោមកំណត់ត្រាកាលពីឆ្នាំ២០១៩ ប៉ុន្តែឆ្នាំនេះមានការងើបឡើងតម្លៃឡើងវិញ ក្រោយតម្លៃត្រីធូណាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

កំពូលចុងភៅ ស៊ូស៊ី និងជាមេចុងភៅរបស់ក្រុមហ៊ុន Onodera លោក Akifumi Sakagami បានប្រាប់អ្នកយកព័ត៌មានថា៖«វាមានគុណភាពគ្រប់ផ្នែកទាំងអស់ ដើម្បីជាត្រីធូណាដ៏ល្អបំផុត។ យើងមានភាពអាប់អួរជាច្រើនឆ្នាំ (ក្នុងអំឡុងពេលជំងឺរាតត្បាត) ខ្ញុំសង្ឃឹមថា យើងអាចផ្តល់សុភមង្គលដល់មនុស្សគ្រប់គ្នាដោយប្រើឱកាសដូចនេះ»។ ត្រីធូណាដែលលក់ដាច់បំផុតកាលពីឆ្នាំមុន ដែលត្រូវបានទិញដោយអ្នកដេញថ្លៃដូចគ្នា មានតម្លៃត្រឹមតែ ១៦.៨៨ លានយ៉េនប៉ុណ្ណោះ ដោយសាររលកនៃជំងឺ COVID-19 បានវាយលុកពេញប្រទេសជប៉ុន នៅដើមឆ្នាំ២០២២។ រំលឹកដែរថា កំណត់ត្រាខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០១៩ នៅពេលដែលស្ដេចធូណា គឺលោក Kiyoshi Kimura បានដេញថ្លៃវាក្នុងតម្លៃ ៣.១ លានដុល្លារអាមេរិក ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






