ប្រទេសថៃនឹងមិនដាក់វិធានការតឹងរ៉ឹង ចំពោះអ្នកធ្វើដំណើរមកពីប្រទេសចិននោះទេ
- BY
- autoadmin
- January 6, 2023
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួននឹងមិនដាក់វិធានការតឹងរ៉ឹងលើអ្នកធ្វើដំណើរមកពីប្រទេសចិនឡើយ បើទោះបីជាមានករណីជំងឺ COVID-19 មានការកើនឡើងនៅចិនក៏ដោយ នេះបើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានធ្វើការលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។ ជម្រាបដែរថា ចាប់តាំងពីឆ្នាំមុនមក ប្រទេសថៃមិនតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 សម្រាប់អ្នកដំណើរដែលចូលមកប្រទេសថៃនោះទេ។ លោករដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយនេះនឹងបន្តសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់។

ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង ១១ លាននាក់ បានមកលេងប្រទេសថៃ ដែលស្មើនឹងជិត ៣០% នៃភ្ញៀវបរទេសទាំងអស់ដែលមកកាន់ប្រទេសថៃ។ ជាក់ស្តែងរដ្ឋាភិបាលថៃសង្ឃឹមថា នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនមានភាពរស់រវើកឡើងវិញ តាមរយៈការទាក់ទាញភ្ញៀវទេសចរចិន។ លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រមូលមកវិញនូវប្រយោជន៍ដែលខ្លួនបានបាត់បង់នៅឆ្នាំកន្លងមក។ ចំណែកឯប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងបង្កើនការរឹតបន្តឹងព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






