អង្គការណាសា ប្រកាសពីការរកឃើញភពថ្មីមួយហៅថា TOI 700 e ដែលមានទំហំជិតប៉ុនផែនដី និងអាចទ្រទ្រង់ជីវិតបាន
- BY
- autoadmin
- January 12, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា អង្គការ NASA បានប្រកាសពីការរកឃើញភពថ្មីមួយ ដែលអាចទ្រទ្រង់ជីវិតបាន និងមានចម្ងាយ ១០០ ឆ្នាំពន្លឺ ពីភពផែនដី។ ភពនេះមានលក្ខណៈជាគ្រួសថ្ម ទំនងជាមានប្រភពទឹក ហើយមានទំហំប្រមាណ ៩៥% នៃភពផែនដីរបស់យើង។ ភពនេះត្រូវបានគេហៅថា TOI 700 e កំពុងធ្វើដំណើរជុំវិញផ្កាយមួយ នៅក្នុងប្រព័ន្ធ TOI 700 ដែលមានភពចំនួន ៣ ផ្សេងទៀតចូលរួម ហៅថា TOI 700 b, c និង d ប៉ុន្តែមានតែ TOI 700 e និង d ប៉ុណ្ណោះ ដែលស្ថិតក្នុងតំបន់អាចរស់នៅបាន (habitable zone)។

តំបន់ដែលអាចរស់នៅបាននោះ ត្រូវបានគេស្គាល់ផងដែរថាជា «Goldilocks zone» គឺជាតំបន់ដែលមានចំងាយសមស្របពីផ្កាយមួយ ដែលអាចមានទឹកនៅលើផ្ទៃរបស់វា ហើយលក្ខខណ្ឌអាកាសធាតុ គឺមិនក្តៅ ឬត្រជាក់ពេកសម្រាប់ជីវិតឡើយ។ ភពដែលទើបនឹងរកឃើញថ្មីនេះ គឺមានទំហំតូចជាងភព TOI 700 d ប្រមាណជា ១០% ប៉ុណ្ណោះ។
លោកស្រីបណ្ឌិត Emily Gilbert អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ Jet Propulsion របស់ NASA នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបាននិយាយថា៖«នេះគឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធមួយចំនួន ដែលមានភពជាច្រើន តូចៗ និងតំបន់ដែលអាចរស់នៅបានដែលយើងស្គាល់»។ ជម្រាបផងដែរថា TOI 700 e ចំណាយពេល ២៨ថ្ងៃ ដើម្បីគោចរជុំវិញផ្កាយរបស់វា ចំណែកឯ TOI 700 d ប្រើរយៈពេល ៣៧ ថ្ងៃ។ ក្រុមការងារបានរកឃើញភពក្នុងអំឡុងពេល Transiting Exoplanet Survey Satellite ឬ TESS ការសង្កេត ដែលត្រូវបានរចនាឡើងដើម្បីស្វែងរកភព និងផ្កាយជាច្រើនទៀត៕

រូបតំណាង TOI 700 e
អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






