WHO ប្រកាសមិនឱ្យមានការប្រើប្រាស់សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុនឱសថឥណ្ឌា Marion Biotech
- BY
- autoadmin
- January 13, 2023
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា សុីរ៉ូក្អកចំនួន ២ ដែលផលិតដោយក្រុមហ៊ុន Marion Biotech របស់ប្រទេសឥណ្ឌា មិនគួរត្រូវបានប្រើប្រាស់សម្រាប់កុមារនោះទេ បន្ទាប់ពីវាត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ចំនួន ១៩ ករណី នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ការវិភាគដោយក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ទឹកស៊ីរ៉ូ Ambronol និង DOK-1 Max មានផ្ទុកសារធាតុពុល Ethylene Glycol ដែលគ្រោះថ្នាក់ដល់សុខភាពរបស់កុមារតូចៗ។ ស៊ីរ៉ូទាំង ២ ត្រូវបានម្ដាយឪពុក ឬឱសថការី ប្រើវាជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ ប៉ុន្តែកម្រិតរបស់ស៊ីរ៉ូទាំង ២ មិនសមស្របសម្រាប់កុមារនោះទេ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Marion មិនបានផ្តល់ការធានាដល់ WHO អំពីសុវត្ថិភាព និងគុណភាព នៃផលិតផលទាំងនេះទេ។ យោងតាមរបាយការណ៍ថ្មីៗនេះ រដ្ឋ Uttar Pradesh របស់ឥណ្ឌា ក៏បានផ្អាកអាជ្ញាប័ណ្ណផលិតកម្មរបស់ក្រុមហ៊ុន Marion និងបានបញ្ឈប់ការផលិត ចាប់តាំងពីមានរបាយការណ៍កុមារបានស្លាប់នៅប្រទេសអ៊ូសបេគីស្ថាន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Marion មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រនោះទេ។ ជម្រាបផងដែរថា កាលពីសប្តាហ៍មុន សេវាសន្តិសុខរដ្ឋ Uzbek បានចាប់ខ្លួនមនុស្ស ៤ នាក់ នៅក្នុងការស៊ើបអង្កេតលើការស្លាប់កុមារចំនួន ១៩នាក់ ទាក់ទងនឹងការប្រើប្រាស់សុីរ៉ូក្អកទាំងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






