ម្យ៉ាងដែរ! បុរសម្នាក់ប្រកាសលក់ខ្យល់បរិសុទ្ធនៅក្នុងចម្ការរបស់គាត់ ក្នុងតម្លៃ ១,០០០ បាត ក្នុងមួយម៉ោង
- BY
- autoadmin
- January 18, 2023
ថៃ៖ បុរសម្នាក់ក្នុងខេត្ត Chaiyaphum របស់ប្រទេសថៃ បានបង្កើតវិធីថ្មីមួយក្នុងការទាក់ទាញអ្នកមកទស្សនាកសិដ្ឋានរបស់គាត់ ដោយការ «លក់ខ្យល់បរិសុទ្ធ» នៅក្នុងតម្លៃ ១,០០០ បាត ក្នុងមួយម៉ោង។ លោក Dusit Kachai ដែលមានអាយុ ៥២ឆ្នាំ បានមានប្រសាសន៍ថា៖ «ម៉ោងដំបូងមានតម្លៃ ១,០០០ បាត ប៉ុន្តែបន្ទាប់មកភ្ញៀវអាចស្នាក់នៅដោយមិនគិតថ្លៃ រួមទាំងអាហារ និងការបោះតង់ផងដែរ»។ កសិដ្ឋានរបស់គាត់មានទីតាំងនៅក្បែរឧទ្យានជាតិ Phu Laen Kha ដែលល្បីល្បាញដោយសារមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ និងទន្លេភ្នំ។ លោកបានបន្ថែមថា កុមារ និងមនុស្សចាស់ អាចស្នាក់នៅដោយឥតគិតថ្លៃ។

លោក Dusit បានពន្យល់ថា មនុស្សកាន់តែច្រើនឡើងកំពុងស្វែងរកជម្រកធម្មជាតិ ដើម្បីគេចចេញពីការគំរាមកំហែងផ្នែកបរិស្ថាន ដូចជាការថយចុះអូហ្សូន ការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី និងខ្យល់កខ្វក់។ លោកថា ក្នុងនាមជាលេខាធិការនៃក្រុមបរិស្ថាន Asian Life លោកប្ដេជ្ញាធ្វើយុទ្ធនាការប្រឆាំងការបំផ្លាញបរិស្ថាន និងជួយលើកកម្ពស់គុណភាពខ្យល់។ គាត់បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា គុណភាពខ្យល់នៅលើកសិដ្ឋានទំហំ ៧០រ៉ៃ របស់ខ្ញុំនៅចំកណ្តាលជ្រលងភ្នំ Phu Laen Kha គឺស្អាតណាស់ ដែលអាចលក់បានក្នុងតំលៃ ១,០០០ បាត ក្នុងមួយម៉ោងក្នុងមនុស្សម្នាក់»។ លោកបានបន្ថែមថា៖ «កុំមកទីនេះ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការបំផ្លាញធម្មជាតិ»៕




អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






