ឥណ្ឌូណេស៊ីបានជំរុញឱ្យមាតាបិតាត្រូវមានការប្រុងប្រយ័ត្ន បន្ទាប់ពីកុមារជាច្រើននាក់បានធ្លាក់ខ្លួនឈឺ ក្រោយហូបនំប្រភេទមានផ្សែងនីត្រូហ្សែន
- BY
- autoadmin
- January 18, 2023
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឱ្យអាជ្ញាធរសុខាភិបាលក្នុងតំបន់ ត្រូវត្រួតពិនិត្យគ្រឹះស្ថានម្ហូបអាហារ និងស្នើឱ្យមាតាបិតាមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កុមារប្រមាណជា ២៥នាក់ បានធ្លាក់ខ្លួនឈឺក្រោយហូបនំមួយប្រភេទ ដែលមានផ្ទុកសារធាតុនីត្រូហ្សែនរាវ (liquid nitrogen-infused)។ នំប្រភេទនេះត្រូវបានគេហៅថា chiki ngebul ឬ នំដង្ហើមនាគ គឺជានំផ្អែមមានចម្រុះពណ៌ ដែលត្រូវបានស្រោបដោយផ្សែងនីត្រូហ្សែន ហើយពួកគេក៏បានស្រូបហឺតផ្សែងទាំងនោះចូលក្នុងពោះ តាមរយៈច្រមុះ និងមាត់របស់ពួកគេ។ អាហារសម្រន់ប្រភេទនេះ បានវាយលុកយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅក្នុងចំណោមក្មេងៗតូចតែម្ដង។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានលើកឡើងពីគ្រោះថ្នាក់នៃការទទួលទានអាហារសម្រន់ប្រភេទនេះ ដោយខ្លួនបានពន្យល់ថា ការទទួលទាននំប្រភេទនេះក្នុងរយៈពេលយូរ អាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ក្រសួងបានព្រមានថា ការទទួលទានអាហារសម្រន់ដែលបញ្ចូលជាតិនីត្រូហ្សែនច្រើនពេក អាចនាំឱ្យរលាកក្រពះ រលាក រលាកស្បែកដោយសារភាពត្រជាក់ខ្លាំង (cold burn) ព្រមទាំងខូចខាតដល់សរីរាង្គខាងក្នុង។ ម្យ៉ាងវិញទៀត ការស្រូបផ្សែងក្នុងរយៈពេលយូរ ក៏អាចនាំឱ្យមានការពិបាកដកដង្ហើមធ្ងន់ធ្ងរផងដែរ។ គិតមកទល់ពេលនេះ កុមារចំនួន ២៥នាក់ បានរងផលប៉ះពាល់ដល់សុខភាព បន្ទាប់ពីបានហូបអាហារសម្រន់ ដោយក្នុងនោះកុមារ ២នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






