កីឡា

ម្ចាស់ចម្ការពោតដ៏ធំមួយកន្លែងនៅ​អាហ្សង់ទីន បាន​ដាំ​ពោតចេញជារូបមុខរបស់កំពូលកីឡាករ Lionel Messi ដើម្បីអបអរជ័យជំនះ World Cup 2022

BY
Khmernote Media
January 19, 2023

កំពូលកីឡាករ Lionel Messi គឺប្រៀបដូចជានិមិត្ត​រូបសម្រាប់​​អាហ្សង់ទីនទាំងមូល ព្រោះថាប្រជាជនរបស់ប្រទេសនេះ មានការគោរព និងស្រឡាញ់កីឡាកររូបនេះខ្លាំងណាស់ រាប់​ចាប់តាំង​ពី​​ការសាក់​រូបលើខ្លួន រហូត​ដល់​ផ្ទាំង​គំនូរនៅលើជញ្ជាំងជាដើម​ បន្ទាប់​ពីគាត់ ក្នុងនាមជាប្រធានក្រុម បានដឹកនាំ​ក្រុម​ជម្រើស​ជាតិឱ្យ​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក World Cup នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។ ជាក់ស្ដែងម្ចាស់ចម្ការពោតមួយកន្លែង នៅ Los Condores ក្នុងខេត្ត Cordoba ក៏បានរកឃើញគំនិតមួយ ក្នុងការអបអរឱកាសនេះ ដោយការដាំពោតនៅក្នុងចម្ការដ៏ធំរបស់គាត់ចេញជាមុខកីឡាករ Messi តែម្ដង។

លោក Maximiliano Spinazze ដែលជាម្ចាស់ចម្ការបាននិយាយថា នេះគឺជាការអបអរចំពោះសមិទ្ធ​ផលរបស់កីឡាករ Messi និងក្រុមជម្រើសជាតិ​​ ដែលបាននាំយកនូវជ័យជម្នះឱ្យអាហ្សង់ទីនជាលើកដំបូង រាប់ចាប់តាំងពីលោក Diego Maradona បានដឹកនាំក្រុមឱ្យបានឈ្នះលើកចុងក្រោយបំផុតនៅឆ្នាំ១៩៨៦។ ពោលគឺអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនមិនអាចទទួលជ័យជម្នះជូនប្រទេសរបស់ពួកគេ។ លោកបាននិយាយថា៖ «សម្រាប់ខ្ញុំគឺ Messi គ្មាននរណាប្រៀបបាន»។ ដោយបន្ថែមថា៖«ឥឡូវ​នេះ​ពួក​គេ ​គឺ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក ខ្ញុំអាចដាំដំណាំនេះដើម្បីបង្ហាញពីភាពរីករាយរបស់ខ្ញុំ»។

ជម្រាបផងដែរថា ចម្ការពោតមួយនេះត្រូវបានរចនាដោយវិស្វករកសិកម្មលោក Carlos Faricelli ដោយការសរសេរកូដនៅលើម៉ាស៊ីនសាបព្រួសគ្រាប់ពោត។ ធ្វើដូចនេះវាអាចឱ្យម៉ាស៊ីនដាំតាមលំនាំច្បាស់លាស់ ដោយមានកន្លែងខ្លះដាំជារង្វើលៗ ហើយខ្លះទៀតមានសភាពក្រាស់ឃ្មឹក ដែលអាចឱ្យដើមពោតធំឡើងចេញជារូបកីឡាករ Messi យ៉ាងច្បាស់ ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: